អន្តរជាតិ៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹង ក្រោយកូរ៉េខាងជើងចាប់ផ្ដើមសកម្មភាពបង្ករឿងជាថ្មីនោះ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចពន្យារទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសកូរ៉េខាងជើង១ឆ្នាំបន្ថែមទៀត ដោយសម្អាងថា របបដឹកនាំកូរ៉េខាងជើង នៅតែបន្តការគំរាមកំហែងទៅលើផលប្រយោជន៍អាមេរិក ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ដែលដកស្រង់នៅក្នុងសំបុត្រផ្ញើទៅកាន់សភាអាមេរិក លោក ដូណាល់ ត្រាំលើកឡើងថា លោកសម្រេចចិត្តបន្តស្ថានភាពអាសន្នជាតិទាក់ទងនឹងកូរ៉េខាងជើងដែលត្រូវប្រកាសដំបូងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨ដោយបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ចន ដាប់ប៊លយូ ប៊ូស ។ បទបញ្ជានេះ ចែងពីការដាក់ទណ្ឌកម្មលើរដ្ឋាភិបាល និងពលរដ្ឋកូរ៉េខាងជើង។
លោកប្រធានាធិបតីអាមេរិក បានពន្យល់ហេតុផលថា វត្តមាន និងគ្រោះថ្នាក់នៃការរីកសាយភាយអាវុធនុយក្លេអ៊ែរដែលអាចប្រើប្រាស់បាននៅឧបទ្វីបកូរ៉េ រួមទាំងសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង បន្តលើកជាការគំរាមមិនធម្មតា និងជាពិសេសទៅលើសន្តិសុខជាតិ នយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ លោកបន្ថែមថា សកម្មភាពកូរ៉េខាងជើងធ្វើឲ្យមានអស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអន្តរាយដល់កងកម្លាំងអាមេរិក សម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មក្នុងតំបន់។
សូមជម្រាបថា ចាប់តាំងតែពីឆ្នាំ ២០០៨ ប្រធានាធិបតីអាមេរិកបានប្រើបញ្ជាប្រតិបត្តិជាច្រើនទៀតដើម្បីបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងដោយសារតែការអនុវត្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ ក្រោមច្បាប់អាមេរិក ការប្រកាសអាសន្នជាតិនិងត្រូវផុតរលត់ដោយឯកឯងបើសិនជាប្រធានាធិបតីមិនបន្តជាថ្មីក្នុងរយៈពេល៩០ថ្ងៃមុនខួបនៃកាលបរិច្ឆេទប្រកាសទេនោះ។
ជាទូទៅ ការពន្យារដាក់ស្ថានភាពអាសន្នជាតិដែលរួមជាមួយទណ្ឌកម្ម គឺធ្វើឡើងតាមទម្លាប់ ប៉ុន្តែការពន្យារលើកនះធ្វើឡើងចំពេលដែលភាពតានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងបន្តបង្កើនការគំរាមផ្នែកយោធាលើប្រទេសកូរ៉េខាងត្បូង។ ជាក់ស្តែងកូរ៉េខាងជើងបានផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងព្រមានពង្រាយទាហាននៅតំបន់គ្មានកងទ័ពជាដើម។
គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ធ្លាប់ជួបពិភាក្សាចំនួន៣ដងស្តីពីបញ្ហានុយក្លអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាការលើកទណ្ឌកម្មផងដែរ។ ប៉ុន្តែលក្ខខណ្ឌមិនផ្លាស់ប្ដូរ គឺអាមេរិកអាចលើកទណ្ឌកម្មបាន ដរាបណាកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុងសិន។ ក្រៅតែពីទណ្ឌកម្មរបស់អាមេរិក កូរ៉េខាងជើងក៏រងទណ្ឌកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិផងដែរ៕ដោយ៖ស តារា