ភ្នំពេញ៖គណៈមេធាវីបានសហការជាមួយក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត តាមរយៈការផ្តល់មេធាវីជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទដែលច្បាប់តម្រូវអោយមានមេធាវី ។
គណៈមេធាវី បានណែនាំដល់ប្រតិភូគណៈមេធាវីគ្របរាជធានី-ខេត្ត អោយខិតខំជំរុញ និង លើកទឹកចិត្តដល់មេធាវិស្ម័គ្រចិត្តជួយការពារក្តីជូនជនក្រីក្រទាំងអស់ អោយចូលរួមក្នុងយុទ្ធនាការ នេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈមេធាវី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ គណៈមេធាវី សូមអំពាវនាវដល់សមាជិកគណៈមេធាវី និង មេធាវីកម្មសិក្សាទាំងអស់ មេត្តាស្ម័គ្រចិត្តជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទ ដែលច្បាប់តម្រូវអោយមានមេធាវី ដោយអនុវត្តតាមអភិក្រមរបស់ក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការ នេះ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើពុករលួយ» ៕