ប្រទេសបារាំង៖ ទីបំផុត ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ត្រូវតុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា៖ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស បានសម្រេចដាក់បុគ្គល សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណ:លើបុគ្គល» គឺបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។
មេធាវីបានបញ្ជាក់ថា៖ បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។
ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស នៃប្រទេសបារាំង៕
ដោយ៖ សហការី