អ្នកដំណើរ១១នាក់បានចេញពីរថយន្តទាន់ពេលវេលាក្នុងខណៈដែលរថយន្តក្រុងគ្រែដេកត្រូវភ្លើង ឆាបឆេះនៅលើផ្លូវល្បឿនលឿន ណូយបាយ-ឡាវកាយ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ប៉ុន្តែជាភព្វសំណាង អ្នកដំណើរបានចាកចេញពីរថយន្តទាន់ពេលវេលា។ ពេលរថយន្តនេះកំពុងរត់ក្នូងល្បឿនលឿនក៏ស្រាប់តែមានផ្សែងចេញពីខាងក្រោយរថយន្ត ត្រង់ចំណុចម៉ាស៊ីន។ ពេលឃើញដូច្នេះអ្នកដំណើរក៏បានស្រែកហើយនាំគ្នារត់ចុះពីលើរថយន្ត។
ប៉ុន្មាននាទីក្រោយមក អណ្តាតភ្លើងបានគ្របដណ្តប់រថយន្តក្រុងទាំងមូល។ ភ្លាមៗនោះ ប៉ូលិសចរាចរណ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយសហការជាមួយមន្ត្រីក្នុងតំបន់ដើម្បីគ្រប់គ្រងស្ថានភាព។
តាមសារព័ត៌មាន Zing បានដកស្រង់សម្តីប៉ូលិសចរាចរណ៍នៅកន្លែងកើតហេតុដែលបានបញ្ជាក់ថា អ្នកដំណើរមានសុវត្ថិភាពទាំងអស់ ប៉ុន្តែសម្ភាររបស់ពួកគាត់ត្រូវភ្លើងឆេះខ្ទេចទាំងអស់។ កម្លាំងប៉ូលិសក៏បានសម្រួលចរាចរណ៍ ដើម្បីកំុំឲ្យកកស្ទះផងដែរ។
ក្រុមជំនាញនៅស្រុកប៊ិនសៀង ខេត្តវិញភុក បានបើកការស្រាវជ្រាវដើម្បីបញ្ចាក់ឲ្យបានច្បាស់ពីមូលហេតុដែលបណ្តាលឲ្យឆេះរថយន្តខាងលើ៕
ដោយ៖ ធី រីណា