ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២០ ស្អែក គឺជាថ្ងៃពិធីរំលឹកខួបលើកទី ៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ខែមិថុនាឆ្នាំ ១៩៧៧ ២០មិថុនាឆ្នាំ ២០២០ នៅតំបន់កោះថ្មឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ ។ កម្មវិធីរំលឹកខួបលើកទី៤៣ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ជាខួប៤៣ឆ្នាំថ្ងៃដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះចំនួន៤រូប បានធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។
រាត្រីថ្ងៃទី២០ មិថុនា ១៩៧៧ ជារាត្រីដ៏សែនលំបាកក្នុងចិត្តជាទីបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មានសម្ពាធក្នុងចិត្តជាខ្លាំង ព្រោះត្រូវឃ្លាតឆ្ងាយភរិយា និងកូនក្នុងផ្ទៃវ័យ៥ខែជាទីស្រឡាញ់ទាំងមិនដឹងថាអាចបានជួបគ្នាវិញឬយ៉ាងណា? និងមួយវិញទៀតមិនដឹងថាជោគវាសនានៃដំណើរចេញតស៊ូរបស់ខ្លួនត្រូវទទួលលទ្ធផលបែបណានោះ។
តែទីបំផុតផ្តើមចេញពីឆន្ទៈដ៏មុះមុត និងការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបំណងរបស់ខ្លួនដោយបានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ និងមានការគាំទ្រពីកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចេញពីចង្កូមមច្ចុរាជដោយជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ផ្តើមចេញពីការលះបង់ និងការតស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេចតេជោ និងយុទ្ធមិត្តនេះ មិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញនោះទេ តែក៏បាននាំមកនូវការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នផងដែរ។
អរគុណសន្តិភាព ក្រោមការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍន៍ បញ្ចប់សង្គ្រាម ប្រជាពលរដ្ឋ មានភាពសុខសាន្ត៕
ដោយ៖ សិលា