ខេត្តបាត់ដំបង៖ បុរសម្នាក់ចូលទៅផឹកស៊ីនៅក្នុងហាងមួយ ហើយពេលស្រវឹងជោកជាំឃើញកូនស្រីថៅកែហាងម្នាក់ដើរកាត់ពីមុខទំនងពេកចាប់អូសដៃថើបនិងប៉ុនប៉ងរំលោភតែមិនបានសម្រេចដោយសារនារីរងគ្រោះស្រែកឲ្យគេជួយទាន់។
ករណីនេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០យប់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ នៅក្នុងអាហារដ្ឋានយីហោHappy 88(ហេបភី88) ស្ថិតនៅភូមិដុបក្រសាំង ឃុំព្រៃតូចស្រុកមោងឫស្សីខេត្តបាត់ដំបង ។
មន្រ្តីនគរបាលស្រុកមោងឫស្សីបានឲ្យដឹងជនសង្ស័យមានឈ្មោះ សុង ប៊ុនលឿន ហៅចិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបររកស៊ី លក់ដូ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រោយមានហេតុការណ៍នេះកើតឡើង ឪពុកនារីរងគ្រោះដែលមានអាយុទើបតែ១៥ឆ្នាំ ជាថៅកែហាងនេះបានទៅដាក់ពាក្យបណ្តឹង ហើយត្រូវបានលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនបុរសនេះយកទៅចាត់ការតាមច្បាប់។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺនៅយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ជន សង្ស័យរូបនេះបានចូលមកផឹកស៊ីនៅហាងរបស់នាងជាមួយមិត្តភក្តិ២ទៅ៣នាក់ទៀត ដោយផឹកស៊ីស្រាបៀអស់ជាច្រើនកំប៉ុង ។ក្រោយមកបុរសនេះស្រវឹង ខ្លាំង ហើយនៅពេលឃើញនារីរងគ្រោះដើរកាត់មុខចូលទៅបន្ទប់ទឹក ស្រាប់តែបុរសនេះស្ទុះមកចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ទឹករួចធ្វើសកម្មភាពចាប់ឱបថើបនិងបម្រុងចាប់រំលោភតែត្រូវនាងស្រែកផ្អើលឲ្យគេឯងឲ្យជួយទាន់។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកឪពុករបស់នាងបានមកដល់ក៏ ឃាត់ខ្លួនបុរសនេះ ហើយបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ។ លុះមកដល់ព្រឹកថ្ងៃ ទី១៨ខែមិថុនាឆ្នាំ២០២០សមត្ថកិច្ចឃាត់ខ្លួនចាប់ ជនសង្ស័យដាក់ខ្នោះ តាមការបង្គាប់របស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទប្រទូស្តកេរខ្មាស និងកំពុងចាត់ការតាមនិតិវិធី ៕
ដោយ៖ ប្រាថ្នា