ខេត្តព្រៃវែង៖ ក្រៅពីធ្វើស្រែចម្ការ បងប្អូនប្រជាកសិករក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងមួយចំនួន អាចរកចំណូលពីដំណាំអំពៅ ប្រមាណពី ២៥លានរៀល ទៅ ៣០លានរៀល ក្នុងមួយហិកតា ។ ចំណូលនេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពក្រីក្រនិងការធ្វើចំណាកស្រុករបស់ពលរដ្ឋទាំងនោះផងដែរ។
ប្រជាកសិករអះអាងថាទោះឆ្នាំនេះ កម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ-១៩ក្តី តែកសិករខេត្តព្រៃវែងរំពឹងថាជំងឺរាតត្បាត នឹងមិនប៉ះពាល់ខ្លាំងដល់តម្លៃអំពៅរបស់ខ្លួននោះទេ។
ពួកគាត់អះអាងទៀតថា យើងបានបង្កើនការដាំដុះអំពៅជិតពីរដងផងដែរ ដោយសារវាមានទីផ្សារល្អ ពោលគឺកើនពី៣០០ហិកតាកាលពីឆ្នាំ២០១៩ ដល់ជាង៥០០ហិកតា នៅក្នុងឆ្នាំ២០២០នេះ។
នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២០ ដោយលោកសរសេរយោងតាមការរាយការណ៍ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង ៕