ខេត្តកំពង់ចាម៖ ស្ថិតនៅក្នុងស្រុកកំពង់សៀម ប្រាសាទនគរបាជ័យបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។លក្ខណៈពិសេសដែលសម្គាល់ក្នុងរាជ្យព្រះអង្គគឺនៅតាមជញ្ជាំងប្រាសាទគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើ ហើយគេធ្វើរូបគ្រុឌជិះនាគ នៅអមសងខាងផ្លូវចូលប្រាសាទ និងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធទ្រង់សមាធិ។តែក្នុងរាជ្យស្ដេចបន្ទាប់មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។ក្រោយមកនៅសម័យកណ្ដាលចន្លោះសតវត្សទី ១៦-១៧ មានព្រះរាជាមួយព្រះអង្គទៀតបានត្រឡប់មករៀបចំបុរាណដ្ឋាននេះ ឲ្យក្លាយជាវត្តអារាមនៃពុទ្ធសាសនាហិនយានវិញ ដោយបានដាប់ប្រាង្គកណ្ដាលជាចេតិយថ្មីបន្ថែមលើរចនាសម្ព័ន្ធចាស់ដូចដែលយើងបានឃើញសព្វថ្ងៃប្រាសាទនេះគេនៅតែបន្តគោរពបូជាព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ទីនេះ៕