ខេត្តតាកែវ៖ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យបាន១នាក់គឺ
ឈ្មោះឡោ ឧសភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់ (ធំ២តូច១២) ទម្ងន់១៣៦.១៨ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង, ទូរស័ព្ទចំនួន២គ្រឿង, ដាវដែកចំនួន១ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងមួយចំនួនមក ពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស សម