យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង១១នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារនៅទីក្រុង Minneapolis ដែលជាទីកន្លែងបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិកជាន់ករហូតដល់ស្លាប់។
មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង០និង៣០ នាទីយប់ថ្ងៃទី២១ខែមិថុនា(ពេលវេលានៅអាមេរិក) ចំណែកជនដៃដល់បានគេចខ្លួនទៅបាត់។ រូបភាពបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា ទ្វារបង្អួចនៃរោងមហោស្រព និងហាងនៅខាងមុខនោះរងការបាញ់ប្រហារបណ្តាលឲ្យបែកបាក់ស្ទើរតែទាំងអស់។
តំបន់ដែលរងការបាញ់ប្រហារនោះ មានចម្ងាយតែ៥គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ដែលបុរសជនជាតិស្បែកខ្មៅ អាមេរិកត្រូវប៉ូលិសសង្កត់កស្លាប់។
មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារខាងលើនោះឡើយ។ កម្លាំងប៉ូលិសបានបើកការស្រាវជ្រាវថាតើជាសកម្មភាពភេរវកម្ម ឬក៏ជាប់ពាក់ព័ន្ធបញ្ហាជាតិសាសន៍។ ចាប់តាំងពីមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិកមក តែងតែមានការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់៕
ដោយ៖ ធី រីណា