រូបភាពដែលបានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏អាថ៍កំបាំង ទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានវិវាទ។ សកម្មភាពខាងលើបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ។
តាមសារព័ត៌មាន Datviet នៅថ្ងៃទី២១មិថុនាបានផ្សាយថា ក្រុមអ្នកឯកទេសយោធាបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាស របស់ចិនជាកាំភ្លើងធំ ទំហំ២៥ម៉ីលីម៉ែត្រ ជាប្រភេទថ្មី ដែលកម្លាំងទាហានចិនកំពុងតែសាកល្បង។ កន្លងមកចិនបានខិតខំផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើន។ ចាប់តាំងពីឆ្នាំ១៩៩៩ មក ប្រព័ន្ធការពារដែនអាកាស PGZ-95 បានផលិតជាច្រើនសម្រាប់បម្រើបក្នុងកងកម្លាំងថ្មើជើង។
ពាក់ព័ន្ធអំពើហិង្សានៅព្រំដែនរវាងកម្លាំងទាហានប្រទេសទាំងពីរ នាពេលកន្លងមក នៅពេលនេះរដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ថា ភាគីចិនមានទាហានដល់ទៅ៤០នាក់ស្លាប់។ ប៉ុន្តែចិនមិនទាន់មានការប្រកាសណាមួយស្តីពីទាហានរបស់ខ្លួនស្លាប់នោះឡើយ។
តាំងពីដំបូង ចិនមិនបាន ប្រកាសព័ត៌មានស្តីពីទាហាន ស្លាប់ឬរបួសក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌានៅតំបន់Galwanនោះឡើយ។ ចំណែកទាហានឥណ្ឌាវិញ មានដល់ទៅ២០នាក់ស្លាប់ និង៧៦នាក់រងរបួស។
ស្ថានភាពវិវាទរវាងប្រទេសទាំងពីរកាន់តែតានតឹង ធ្វើឲ្យរុស្ស៊ីមិនអាចនៅស្ងៀមបានឡើយ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយដោះស្រាយវិវាទទាំងអស់ ដោយមានតែរុស្ស៊ីប៉ុណ្ណោះដែលមានទំនាក់ទំនងល្អទាំងជាមួយចិន និងឥណ្ឌា៕