បារាំង ៖ បើយោងតាមប្រភពព័ត៌មាន ពីCNN បានឱ្យដឹងថា ក្រុមអ្នកតវ៉ានៅទីក្រុងប៉ារីសបានបាញ់ថ្នាំពណ៌ក្រហមនៅមុខអគារក្រសួងសុខាភិបាលដើម្បីជានិមិត្តរូបដល់អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ-១៩ និងដើម្បីបញ្ជាក់ពីស្ថានភាពមិនល្អសម្រាប់បុគ្គលិកសុខាភិបាល។
បាតុករជាច្រើននាក់ គឺជាផ្នែកមួយនៃសមាគមសម្រាប់ការយកពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុនិងសកម្មភាពពលរដ្ឋ (Attac) ដែលជាក្រុមសកម្មជនស្លាបឆ្វេងនៃនយោបាយប្រទេសបារាំង។
បាតុករប្រហែល៣០នាក់ មកពីAttac និង Inter-Urgences ដែលជាសមាគមបុគ្គលិកពេទ្យ បានចូលរួមក្នុងការតវ៉ានេះ។ សមាគមទាំងពីរ បានរិះគន់រដ្ឋាភិបាលបារាំង ចំពោះការគិតគូរដល់បុគ្គលិកសុខាភិបាល និងចង់ឱ្យរដ្ឋលើកទឹកចិត្តពួកគេបន្ថែម។ ការផ្តល់ប្រាក់រង្វាន់របស់រដ្ឋបារាំងសម្រាប់បុគ្គលិកពេទ្យ គឺត្រូវបានគេធ្វើឡើងយ៉ាងតឹងតែង ដែលត្រូវបានគេរិះគន់ផងដែរ។
អ្នកនាំពាក្យរបស់ Attac France លោក AurélieTrouvé បានមានប្រសាសន៍ថា៖ «យើងមកទីនេះ ដើម្បីបង្ហាញការគាំទ្ររបស់យើងដល់បុគ្គលិកថែទាំសុខភាព ដែលស្ថិតនៅជួរទីមួយក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែជាពិសេសដើម្បីទាមទារឱ្យពួកគេមានរបស់ការពារគ្រប់គ្រាន់ ដើម្បីធ្វើការបម្រើដល់ប្រជាជនទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា ពេលនេះប្រទេសបារាំងមានអ្នកឆ្លងកូវីដ-១៩ សរុប ចំនួន១៥៩,៤៥២នាក់ អ្នកបាត់បង់ជីវិតសរុប ២៩,៦១៧នាក់ និងអ្នកជាសះស្បើយសរុប ៧៤,១១៧នាក់៕
ដោយ៖ សហការី