ខេត្តពោធិ៍សាត់៖ កម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ សហការជាមួយមន្ត្រីបរិស្ថានឡើងភ្នំបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់អំពិល ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ រឹបអូសរថយន្តដឹកឈើខុសច្បាប់ និងរកឃើញឈើជាច្រើនកំណាត់ផងដែរ ។
ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងតាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ កន្លងមកនៅតំបន់ព្រៃភ្នំ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានមិនច្បាស់ការមួយ ត្រូវបានគេរាយការណ៍មកថា កម្លាំងខាងលើបង្ក្រាបដោយដុតរោងម៉ាស៊ីនអារឈើខុសច្បាប់ត្រង់ចំណុចស្វាយមូល មួយកន្លែង និងរឹបអូសគោយន្តដឹកឈើជាច្រើនគ្រឿង និងរថយន្តធុនដំរីទឹកកែឆ្នៃដឹកឈើចំនួន២គ្រឿង រក្សាទុកនៅស្នាក់ការបរិស្ថានដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ (ចំណុចអំពិល) និងរកឃើញឈើប្រណិតរាប់ពាន់កំណាត់ផងដែរ ហើយកម្លាំងកំពុងបន្តរុករកនៅឡើយ ។
ប្រភពបន្តថា ពាក់ព័ន្ធនឹងលទ្ធផលក្នុងការបង្ក្រាបខាងលើ មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់នៅឡើយទេ ដោយសារតំបន់នោះគ្មានសេវាទាក់ទង ប៉ុន្ដែត្រូវបានគេដឹងថា ព្រៃតំបន់នោះត្រូវបានស្ងាត់ជ្រងំ ខណៈសមត្ថកិច្ចខាងលើហាមឃាត់ មិនឱ្យមានមនុស្សឆ្លងកាត់ ដោយទុកលទ្ធភាពឱ្យសមត្ថកិច្ចធ្វើការ ដូច្នេះរង់ចាំពត៌មានច្បាស់ការជាក្រោយ ៕
ដោយ៖ ប៉ឹម ពិន