ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិវាលវង់ ឃុំរកាត បានឱ្យដឹងថា ដីព្រៃជាច្រើនហិចតាត្រូវបានជនទុច្ចរិតលួចឈួសឆាយដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ប្រភពខាងលើបន្តថា ព្រៃត្រូវបានជនទុច្ចរិតប្រព្រឹត្តឈួសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើ ត្រង់ចំណុចអូរសោម ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តទៀតថា ជនដែលរំលោភបំពានឈួសឆាយដីព្រៃហាមឃាត់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនោះ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ប៉ុន្ដែត្រូវបានគេដឹងថា គាត់មានលុយនិងមានអំណាចទើបអាចធ្វើបានដូច្នេះ ហើយកន្លងមកប្រជាពលរដ្ឋរស់នៅក្បែរៗនោះធ្លាប់បានផ្ដល់ពត៌មានឱ្យអាជ្ញាធរមានសមត្ថកិច្ចដែរ ប៉ុន្ដែដូចជាគ្មានប្រសិទ្ធិភាពសោះ ព្រោះឃើញជនខាងលើធ្វើសកម្មភាពជាយូរថ្ងៃហើយដែរ ដែលទីតាំងធ្វើសកម្មភាពនៅជាប់នឹងផ្លូវ ហើយគេឈួសព្រៃចោលមួយសារទើបគេភ្ជួរជាក្រោយ ដែលមានទំហំទទឹងប្រហែល ១០០ម៉ែត្រ បណ្ដោយប្រហែលជិត ១០០០ម៉ែត្រ ដូច្នេះករណីខាងលើនេះ បើសមត្ថកិច្ចមិនមានការទប់ស្កាត់នោះទេ ជនខាងលើនេះនឹងឈួសបន្តដល់ជើងភ្នំក៏ថាបាន ព្រោះគាត់បានវាសក្បាលដីរាប់រយម៉ែត្ររួចមកហើយ ។
ពាក់ព័ន្ធនឹងករណីមានជនខិលខូច លួចឈួសឆាយព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនេះដែរ លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ បានឱ្យអ្នកកាសែតដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែមករានេះថា លោកបានបញ្ជាឱ្យសមត្ថកិច្ចទៅហាមឃាត់ឈប់ឱ្យធ្វើសកម្មភាពហើយបញ្ហាខាងលើនោះ ។
បញ្ហាខាងលើនេះ មហាជនរង់ចាំមើលថាតើជនខាងលើនោះ អាចធ្វើបន្ដទៀតឬយ៉ាងណា ក្រោយពីមានអាជ្ញាធរទៅផ្អាកបញ្ឈប់ឱ្យធ្វើសកម្មភាព ? ៕
ដោយ៖ ប៉ឹម ពិន