ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានប្រកាច់ស្លាប់នៅក្នុងថ្លុកឈាម នៅនឹងកន្លែងបន្ទាប់ពីជនសង្ស័យបាន ស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូគ្នាបីនាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅភូមិពាមពពិច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធស្រុកជលគិរី បានអោយដឹងថា ជនរងគ្រោះឈ្មោះផាន់ វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបគ្នាចំនួន៣នាក់ដើម្បីទៅទិញសាច់ខ្លែម ក្រោយពីទិញបានហើយនាំគ្នាត្រឡប់មកវិញបំណងមកផ្ទះដើម្បីនាំគ្នាផឹកស៊ី ហើយជនរងគ្រោះអង្គុយនៅខាងក្រោយគេបង្អស់ នៅពេលមកដល់កន្លែងកើតហេតុចំណុចក្បាលកោះ ក៍ត្រូវជនមិនស្គាល់មុខបានចេញប្រដាប់ដោយដាវលបកាប់ពីក្រោយពេញមួយទំហឹងតែម្តង បណ្តាលអោយចំជនរងគ្រោះអង្គុយពីក្រោយមុតត្រូវចំកជិតដាច់ ហើយប្រកាច់ធ្លាក់ពីលើម៉ូតូ ចំណែកឯពីរនាក់ទៀតដែលជិះម៉ូតជាមួយជនរងគ្រោះបានបើកម៉ូតូទៅភូមិដើម្បីប្រាប់អ្នកស្រុកថា ជនគ្រោះត្រូវបានគេកាប់ស្លាប់ និងបានប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ ។ ក្រោយពេលកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ស្រមោលតែម្តង ។
នៅជំហានដំបូងនេះសមត្ថកិច្ចបានធ្វើការសង្ស័យថា ករណីឃាតកម្មនេះគឺជាករណីគំនុំ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ ចន្ថា