រឿងព្រេង​ទាក់ទង​នឹង​កាន់​ដាវ​សំពះ​ការ និង​ពិធី​រម្ងាប់​កន្ទេល​ខ្នើយ

ចែករំលែក៖

និទានពីព្រេងមកថាក​ថា មាន​មន្ត្រី​ធំ​ម្នាក់2 ជា​អ្នក​បម្រើ​ស្ដេច នៅ​នគរ​ពារាណសី ។ ព្រះ​មហា​ក្សត្រិយ៍ ស្ដេច​ទ្រង់​ប្រើ​នាម៉ឺន​នោះ ឲ្យ​ដើរ​ត្រួត​ត្រា​មើល​ស្រុក​ទេស​ជន​បទ​ក្នុង​ព្រះ​នគរ ព្រោះ​ប្រជាជន​ចេះ​តែ​បះបោរ ។ មន្ត្រី​នោះ ក៏​នាំ​សេនា​ទាហាន​ចេញ​ទៅ​ដល់​ភូមិ​មួយ នៅ​ស្រុក​ក្រៅ ។ នៅ​ភូមិ​នោះ មាន​ជន​ម្នាក់​មាន​នាម​គោត្រ​មិន​ប្រាកដ មាន​កូន​ក្រមុំ​មួយ​ល្អ ស័ក្ដិ​សម​ណាស់ ។ នាម៉ឺន​បាន​ឃើញ មាន​ចិត្ត​ស្រឡាញ់​ដោយ​ស្មោះ​ត្រង់ ក៏​តាម​ចូល​ទៅ​ដល់​ផ្ទះ​ឪពុក​ម្ដាយ​នាង​នោះ ។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ កាល​បើ​ឃើញ​ភ្លាម ក៏​មាន​សេចក្ដី​កោត​ខ្លាច ចុះ​មក​អញ្ជើញ​នាម៉ឺន​ធំ​នោះ​ឡើង​ផ្ទះ រៀប​ភោជនាហារ​ជូន​គួរ​សម​តាម​របៀប ។ មន្ត្រី​នោះ​សួរ​ថា “កូន​ក្រមុំ​ពូ​មីង​មាន​ប្ដី​ហើយ​ឬ​នៅ​ឡើយ​ទេ ?” ។ ឪពុក​ម្ដាយ​នាង​ក្រមុំ​ជម្រាប​ថា “មិន​ទាន់​មាន​នៅ​ឡើយ​ទេ​លោក !” ។ នាម៉ឺន​នោះ ក៏​ប្រាប់​ដោយ​ត្រង់​ថា “ខ្ញុំ​ស្រឡាញ់​នាង ចង់​បាន​នាង​ជា​ប្រពន្ធ​តែ​វេលា​នេះ ខ្ញុំ​រវល់​នឹង​ទៅ​ត្រួត​ត្រា​ស្រុក​ភូមិ, ខ្ញុំ​សុំ​ទុក​មាស ៣ តម្លឹង បញ្ចាំ​ចិត្ត​នាង​សិន, សន្យា ៣ ខែ​ទៀត នឹង​ត្រឡប់​មក​រៀបចំ​ការ​តាម​របៀប​ស្រុក​ភូមិ​វិញ ជា​មិន​ខាន ។ នាម៉ឺន​នោះ ត្រឡប់​ទៅ​ដល់​ទីក្រុង​វិញ ចេះ​តែ​មាន​ធុរៈ​រវល់​យូរ​ទៅ​ៗ កន្លង​ហួស​ដល់​ទៅ ៣ ឆ្នាំ មិន​បាន​ទៅ​រៀប​ការ​តាម​សន្យា ។

និយាយ​ពី​ជន​កំលោះ​ម្នាក់ ដែល​នៅ​ស្រុក​ភូមិ​ជា​មួយ​នឹង​នាង​ស្ត្រី​នោះ ហេតុ​តែ​កម្ម​ពី​អតីត​តាម​មក​ឲ្យ​វិនាស​បង់​ជីវិត ក៏​បណ្ដាល​ឲ្យ​នឹក​ស្រឡាញ់​តែ​ស្រី​ដែល​នាម៉ឺន​បញ្ចាំ​មាស​នោះ ទៅ​ជា​ក្រហល់​ក្រហាយ ដេក​មិន​លក់​បក់​មិន​រហើយ បាយ​មិន​នឹក ទឹក​មិន​ស្រេក ។ ឪពុក​ម្ដាយ​បុរស​នោះ ក៏​ភិត​ភ័យ ស្មាន​ថា​កូន​មាន​ជំងឺ ក៏​ទៅ​បបោស​អង្អែល​លួង​លោម​សួរ​កូន​ថា “មាស​ថ្លៃ​អើយ ! អ្នក​ឈឺ​អ្វី​ដូច្នេះ ?” ។ បុរស​ជា​កូន​ប្រាប់​ថា “គ្មាន​ឈឺ​អ្វី​ទេ ! ប៉ុន្តែ​គិត​ស្រឡាញ់​នាង​ដែល​នាម៉ឺន​ប្រចាំ​មាស​ខ្លាំង​ណាស់ ! បើ​ពុក និង​ម៉ែ​មិន​ទៅ​ដណ្ដឹង​ឲ្យ​ទេ ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ហើយ ! មិន​ដឹង​ជា​រស់​នៅ​បាន​ការ​អ្វី​ទេ !” ។ ឪពុក​ម្ដាយ​ប្រាប់​ទៅ​កូន​ថា “មាស​ម្ដាយ​អើយ ! ម្ដាយ​មិន​ហ៊ាន​ទេ ! ព្រោះ​នាង​នោះ​គេ​ភ្ជាប់​មាត់​ភ្ជាប់​ពាក្យ​នឹង​នាម៉ឺន​ទៅ​ហើយ, តែ​ដឹង​ទៅ​ដល់​គេ ក្រែង​យើង​មិន​បាន​សុខ” ។ បុរស​ជា​កូន​ឆ្លើយ​ថា “ពី​ដើម នាង​នោះ​ជាប់​សម្ដី​នឹង​គេ​មែន តែ​ឥឡូវ​នេះ លោក​នាម៉ឺន​នោះ​មិន​ឃើញ​ត្រឡប់​មក​វិញ​ទេ ថែម​ទាំង​ហួស​កិច្ច​សន្យា​ផង បើ​ម៉ែ​មិន​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ចោល​ហើយ” ។

ម្ដាយ​ឮ​ដូច្នោះ ក៏​ព្រម​ទៅ​ដណ្ដឹង​នាង​នោះ ។ លុះ​ទៅ​ដល់​ហើយ ឪពុក​ម្ដាយ​ខាង​ស្រី ក៏​និយាយ​បូរបត់​ប្រាប់ តាម​ដំណើរ​សព្វ​គ្រប់ ប៉ុន្តែ​ពិគ្រោះ​គ្នា​មើល​ទៅ ឪពុក​ម្ដាយ​ខាង​ស្រី ក៏​គិត​ថា “លោក​នាម៉ឺន​នោះ​ច្បាស់​ជា​អស់​រវល់​នឹក​នា​មក​កូន​យើង​ហើយ ព្រោះ​សន្យា​តែ​ត្រឹម ៣ ខែ ឥឡូវ​ហួស​កំណត់​ដល់​ទៅ ៣ ឆ្នាំ មិន​ឃើញ​មក, យើង​នឹង​ទុក​កូន​ចាំ​យូរ​ទៅ​ៗ ក្រែង​ឥត​អំពើ, កូន​យើង ក៏​កាន់​តែ​ចាស់​ខែ​ឆ្នាំ, ណ្ហើយ ! ឆ្លើយ​ព្រម​ឲ្យ​ទៅ​អ្នក​ដែល​មក​ដណ្ដឹង​ក្រោយ​នេះ​ទៅ​ចុះ !” ហើយ​ក៏​មូល​មាត់​សន្យា​គ្នា​ថា “យើង​ប្រញាប់​រៀប​ការ​ទៅ ! រួច​យើង​ប្រែ​ឈ្មោះ​ជា​ថ្មី ហើយ​ចែក​ទ្រព្យ​សម្បត្តិ ឲ្យ​វា​នាំ​ប្ដី​ប្រពន្ធ​ទៅ​នៅ​ស្រុក​ដទៃ​ទៀត​ទៅ​! បើ​ប្រសិន​ជា​លោក​នាម៉ឺន​មក​រក​វិញ យើង​នឹង​ភូត​ថា កូន​យើង​រត់​តាម​ប្រុស​បាត់​ទៅ​ហើយ មិន​ដឹង​ជា​ទៅ​នៅ​ទី​ណា​ទេ ! បើ​លោក​នាម៉ឺន​យក​ទោស​យើង​ៗ សុំ​អង្វរ​តាម​បន្ទាល់​ទៅ ដ្បិត​យើង​ចាស់​ជរា​ហើយ” ។

ខណៈ​នោះ ជា​ទេស​កាល​អ្វី ទៅ​បណ្ដាល​ចិត្ត​មន្ត្រី​នោះ ឲ្យ​នឹក​ឃើញ​នាង ដែល​បញ្ចាំ​មាស ៣ តម្លឹង, អន្ទះអន្ទែង​រសាប់រសល់​នៅ​ពុំ​សុខ ក៏​ឡើង​ទៅ​ទូល​ព្រះ​មហា​ក្សត្រិយ៍ សុំ​សេនា​ទាហាន​ចេញ​ទៅ​ត្រួត​ត្រា​ស្រុក​ក្រៅ ។ ព្រះ​មហា​ក្សត្រិយ៍ ក៏​បើក​ឲ្យ​ទៅ ។

លុះ​ទៅ​ដល់​ស្រុក​នោះ ជួន​នឹង​ថ្ងៃ​ដែល​កំពុង​សំពះ​ការ, នាម៉ឺន​នោះ​សួរ​ថា “អ្នក​ស្រុក​គេ​ធ្វើ​បុណ្យ​អ្វី​ទើប​មាន​មនុស្ស​អ៊ូអែ” ។ មាន​ជន​ម្នាក់​នៅ​ស្រុក​នោះ ជា​អ្នក​ចង់​យក​គាប់​គួរ និយាយ​ឡើង​ថា “អ្នក​នាង​ដែល​លោក​ម្ចាស់​ដណ្ដឹង​បញ្ចាំ​មាស ៣ តម្លឹង ឥឡូវ គេ​ឲ្យ​មាន​ប្ដី​ហើយ កំពុង​តែ​សំពះ​ការ ទើប​បាន​ជា​មាន​ភ្ញៀវ​មក​ឈូឆរ​ដូច្នេះ” ។ នាម៉ឺន​នោះ​នឹក​ខឹង ក៏​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ ចាប់​ទាញ​ដៃ​នាង​នោះ​មក ហើយ​ហូត​ដាវ​សម្រាប់​ប្រុស​នោះ នៅ​នឹង​កន្លែង​សំពះ​ការ ។ ឈាម ក៏​បាញ់​រាយ​រាច​ប្រឡាក់​ពេញ​ផ្ទះ, បណ្ដា​ជន​ដែល​មក​រៀប​ការ ក៏​ភ័យ ផ្អើល ភ្លូក​រត់​ចូល​ព្រៃ​ផ្សៃ​អស់ ។ នាម៉ឺន​ក៏​នាំ​នាង​ត្រឡប់​ចូល​មក​កន្លែង​រៀប​ការ​វិញ ។

ចំណែក​ឪពុក​ម្ដាយ​នាង ព្រម​ទាំង​ញាតិ​សាលោហិត ភ័យ​ខ្មៅ​មុខ​គ្រប់​គ្នា ក៏​ទៅ​អញ្ជើញ​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​ដែល​ចេះ​មន្ត ឲ្យ​មក​សូធ្យ​បាច​ទឹក​រម្ងាប់​ចង្រៃ​ខ្មោច​ដែល​ស្លាប់​លើ​ផ្ទះ ត្រង់​កន្លែង​សំពះ​ការ​នោះ ហើយ​សារ​កន្ទេល​ចោល​ទៅ ។

...

លុះ​តំណ​ក្រោយ​ៗ មក មាន​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ៣ នាក់ នៅ​ក្នុង​ស្រុក​ពារាណសីជំនុំ​គ្នា​ថា “ដាវ ជា​គ្រឿង​សហ័ស​ឈ្នះ​មារ​សត្រូវ ដូចជា​នាម៉ឺន​ធំ​នោះ មិន​គិត​អី គឺ​ដោយ​ឫទ្ធិ​ដាវ​នេះ​ហើយ ទើប​ដណ្ដើម​យក​ប្រពន្ធ​បាន​មក” ទើប​នាំ​គ្នា​និយម​ដាក់​ដាវ​ឲ្យ​កាន់​សំពះ​ការ តាំង​ពី​ពេល​នោះ​ជាប់​ដរាប​មក ។
ហេតុ​នេះ​ឯង​ហើយ ទើប​បាន​ជា​ខ្មែរ​យើង​និយម​ឲ្យ​ដាក់​ដាវ​ផ្ទឹម​ការ ហើយ​មាន​ពិធី​រាំ​សា​កន្ទេល ជា​ប្រពៃណី​រៀង​រាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print