មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងមានវិធានការការពារជំងឺឆ្លងថ្មី កូរ៉ូណា ឬ កូវីដ-១៩ នាព្រឹកថ្ងៃចន្ទ ២ កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខា កាកបាទក្រហមខេត្តសហការជាមួយអនុសាខាកាកបាទក្រហមស្រុកចន្រ្ទា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយចាក់ផ្សាយតាមរយៈប្រដាប់បំពងសំឡេងតាមម៉ូតូ ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន១៧៥នាក់ ស្រី ១២៩ នាក់ស្មើនឹង ៥៣ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិពោធិ៍ និងភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្រ្ទា ។

ក្នុងឱកាសនោះ ក្រុមការងារសាខាកាកបាទក្រហមខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល។

២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។ 

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ 

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ក្រុមការងារក៏បានចែកសាប៊ូដុំ បណ្ណប្រកាស ព្រមទាំងបិទខិត្តប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ -១៩  តាមខ្នងផ្ទះ ចែកបណ្ណប្រកាសការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សុវត្ថិភាពចរាចរណ៍ដល់អ្នកចូលរួមផងដែរ ៕ ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print