ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរំលឹកពីកម្មវិធីបញ្ជាក់សំឡេងថ្មី (Voice Liveness Detection) អាចធ្វើឱ្យជនខិលខូចដែលតែងតែថតសំឡេងគេទុក ដើម្បីយកទៅប្រព្រឹត្តបទល្មើស ធ្វើអីលែងបានទៀតហើយ។
ដោយសារមានការវិវឌ្ឍន៍នៃបច្ចេកវិទ្យា ក្នុងការប្រើសំឡេងដើម្បីបញ្ជាឧបករណ៍ផ្សេងៗនោះ វាក៏នាំឱ្យមានការយកសំឡេងដែលបានថតទុករួចហើយមកប្រើដើម្បីប្រព្រឹត្តបទល្មើសដូចជា ការជ្រៀតចូលគណនី ឬឧបករណ៍ណាមួយ និងការក្លែងបន្លំដើម្បីបោកយកប្រាក់កាសជាដើម ដែលធ្វើឱ្យមានភាពកាន់តែងាយស្រួល។ ដូច្នេះហើយទើប អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហ៍កម្ម (CSIRO) រួមជាមួយក្រុមហ៊ុនសាំស៊ុង និងសាកលវិទ្យាល័យ Sungkyunkwan របស់ប្រទេសកូរ៉េខាងត្បូងបានរួមគ្នាបង្កើតដំណោះស្រាយដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារដោយសំឡេងនេះ។
ក្រុមអ្នកស្រាវជ្រាវបានកំពុងបង្កើតកម្មវិធីដែលគេឱ្យឈ្មោះថា Voice liveness detection (Void) ដែលអាចបង្កប់ (Embedded) នៅក្នុងស្មាតហ្វូន ឬកម្មវិធីជំនួយសំឡេងបាន។ កម្មវិធីនេះអាចចាប់យកសម្លេងដែលកំពុងនិយាយភ្លាមៗ ដើម្បីបញ្ជាក់ពីភាពខុសគ្នារវាងសំឡេងមនុស្សកំពុងនិយាយ និងសំឡេងដែលបានចាក់ផ្សាយឡើងវិញតាមរយៈ Speaker ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។
បច្ចេកទេសក្នុងការផ្ទៀងផ្ទាត់សំឡេងនេះត្រូវបានសាកល្បងដោយប្រើទិន្នន័យដែលបានកំណត់អត្តសញ្ញាណពីក្រុមហ៊ុនសាំស៊ុង និងការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ ព្រមជាមួយឧបករណ៍ឆ្លើយតប ដែល Data61 ទទួលបានកម្រិតនៃភាពត្រឹមត្រូវរហូតដល់ទៅ ៩៩% និង ៩៤% សម្រាប់ទិន្នន័យនីមួយៗ ជាងនេះទៅទៀតកម្មវិធីនេះអាចរកឃើញការវាយប្រហារ បានលឿនជាង ៨ដង បើធៀបទៅនឹងវិធីសាស្ត្រ Deep Learning ដែលអ្នកស្រាវជ្រាវបានប្រើកន្លងមក៕
ដោយ៖ សហការី