ក្នុងពេលដែលកូរ៉េខាងជើងបានត្រៀមខិត្តប័ណ្ណដល់ទៅ១២លានសន្លឹកមិនទាន់បានបង្ហោះចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងផង ពេលនេះ ក្រុមសកម្មជនដែលជាជនជាតិកូរ៉េខាងជើងបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង បានបន្តបង្ហោះខិត្តប័ណ្ណ៥សែនសន្លឹកទៀតចូលទៅកាន់កូរ៉េខាងជើង បង្កឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី ២៣ ខែមិថុនា បានផ្សាយថា ការបង្ហោះខិត្តប័ណ្ណខាងលើត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែមិថុនា នៅតំបន់ព្រំដែន Paju របស់កូរ៉េខាងត្បូង។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា គេបានរកឃើញខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងមួយចំនួនធ្លាក់នៅខេត្តGangwon ភាគខាងកើតប្រទេសកូរ៉េខាងត្បូង។
លោកPark Sang Hak ប្រធានសកម្មជនដើម្បីកូរ៉េខាងជើងមានសេរីភាពបានលើកឡើងថា ការបង្ហោះខិត្តប័ណ្ណធ្វើឡើងនៅវេលាម៉ោង២៣ដល់ម៉ោង ០ ឈានចូលថ្ងៃទី២៣ ខែមិថុនា នៅក្នុងស្រុក Paju ។ លោកPark Sang Hak បានលើកឡើងថា ក្រុមការងាររបស់លោកបានជ្រើសរើសកន្លែងងងិឹតដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីកម្លាំងសន្តិសុខ ។
លោកកPark Sang Hak បន្តទៀតថា សមាជិកក្នុងក្រុមរបស់លោក៦នាក់បានបង្ហោះខិត្តប័ណ្ណប្រមាណ៥សែនសន្លឹក និងសៀវភៅ៥០០ក្បាលរៀបរាប់ពីជោគជ័យរបស់កូរ៉េខាងត្បូង៕
ដោយ៖ ធី រីណា