ភ្នំពេញ៖ លោក សៅ សុភាព រដ្ឋលេខាធិការ និងជាជនបង្គោលបរិស្ថាន នៃមហាអនុតំបន់ទន្លេមេគង្គរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) តំណាងប្រទេសកម្ពុជា បានដឹកនាំក្រុមការងារមកពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយរចីរភាព សរុបប្រមាណ៩រូប ចូលរួមកិច្ចប្រជុំអនឡាញជាមួយជនបង្គោលបរិស្ថានមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កាលពីរសៀលថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ ADB និងដឹកនាំដោយលោក Jiangfeng Zhang ប្រធាននាយកដ្ឋានបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃADB និងលោក Sounadeth Soukchaleun អគ្គនាយករង នៃក្រសួង ធនធានធម្មជាតិ និងបរិស្ថាន ប្រទេសឡាវ ក្នុងគោលបំណងដើម្បី៖ ទី១)ជូនដំណឹងអំពីការជួយប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គរបស់ ADB ក្នុងការឆ្លើយតបទៅនឹង ការរាតត្បាត នៃជំងឺកូវីដ-១៩។ ទី២)ទទួលយកព័ត៌មានពីប្រទេសសមាជិកដែលសុំឱ្យធនាគារ ADB ជួយក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីឆ្លើយតប និងស្តារឡើងវិញ នៅក្រោយពេលរាត្បាត នៃជំងឺកូវីដ-១៩។ ទី៣)ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព នៃជំនួយបច្ចេកទេសរបស់ ADB តាមរយ:កម្មវិធី៖«ការប្រែប្រួលអាកាសធាតុនិង និរន្តរភាពបរិស្ថាន» និងពិភាក្សាជំហានបន្ទាប់សម្រាប់ការអនុវត្ត និងទី៤) គ្រោងរៀបចំសិក្ខាសាលាស្តីពីឱកាស សម្រាប់៖ (ក) ការស្តារឡើងវិញឱ្យមានភាពបៃតង និងភាពធន់នឹងអាកាសធាតុ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្រោយពីជំងឺកូវីដ-១៩ និង(ខ)ការអភិរក្សជីវ:ចម្រុះនិង ការគ្រប់គ្រងសត្វព្រៃ៕
ដោយ៖ សិលា