ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។
គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ ៤១,៥% ហើយ ។
លេីទំហំការងាររួមមាន ៖
– សាងសង់ទំនប់បេតុង មានប្រវែង 50 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន 03 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 4 ម៉ែត្រ x 4 ម៉ែត្រ ។
– ទំនប់ដី (ខាងឆ្វេង) មានប្រវែង 998,6 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
– ទំនប់ដី (ខាងស្តាំ) មានប្រវែង 1.656,4 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
– ទំនប់ដីរង មានប្រវែងសំណង់សរុប 655 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 7 ម៉ែត្រ ។
– សំណង់បង្ហៀ មានប្រវែងសំណង់សរុប 251 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ មានទ្វារទឹកសរុបចំនួន 20 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 10 ម៉ែត្រ x 14,5 ម៉ែត្រ ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ 256,9 លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ 143.323 ហិកតា នៅរដូវវស្សា និងប្រមាណ 22.878 ហិកតា នៅរដូវប្រាំង (ទំនប់អាងទឹករក្សា មានទីតាំងនៅក្នុងខេត្តព្រះវិហារ តែលទ្ធភាពនៃការស្រោចស្រពភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ)
ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។
ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្តបន្ត ដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ។
គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលកើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕
ដោយ៖ សុខ ខេមរា