ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកស្រី អធិការរងនគរបាលខណ្ឌលោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់–ចៅរងទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ដើម្បីពិនិត្យតាមដាន និងដាក់ចេញផែនការអនុវត្តការងារសំខាន់ៗមួយចំនួន ។
ក្នុងកិច្ចប្រជុំនោះដែរ លោក អភិបាលខណ្ឌ បានឲ្យដឹងថា ផែនការអនុវត្តការងារសំខាន់ៗមួយចំនួនរួមមាន៖ វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាពិសេសនៅចំណុចភូមិ៣ សង្កាត់ស្រះចក, បន្ដពង្រឹងបន្ថែមរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសារធារណៈចិញ្ចឹមផ្លូវ–សួនច្បារ និងអនាម័យក្នុងមូលដ្ឋានសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣, វឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់លើវិថីម្ហូបអាហារ(Food Street) ចាប់ពីខាងមុខក្រសួងប្រៃសណីយ៍រហូតដល់សាលសន្និសីទចតុមុខ, ការបន្តពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ តាមរយៈការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។
លោក សុខ ពេញវុធ បន្តថា ចំណែកការងារកំណត់អត្ដសញ្ញាណប្រជាពលរដ្ឋក្រីក្រជំហានទី២ (ក្រ១ និង ក្រ២) ដើម្បីទទួលអំណោយគោលនយោបាយពីរាជរដ្ឋាភិបាល ក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, ការងារចុះពិនិត្យបណ្ដាញលូអណ្ដូងលូ និងផ្លូវនានា ដើម្បីត្រៀមទប់ស្កាត់ការលិចលង់នារដូវវស្សាខាងមុខ និង ការត្រួតពិនិត្យការជីកកប់បណ្ដាញខ្សែកាបអុបទិកក្រោមដីលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ, ពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ និងរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខណ្ឌ, ឆ្លងសេចក្ដីព្រាងតារាងប្រាក់រង្វាន់លើកទឹកចិត្តមន្ដ្រី, ពិនិត្យសេចក្ដីព្រាងការរៀបចំវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខណ្ឌ សេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២០–២០២១ បទបញ្ជាផ្ទៃក្នុងសម្រាប់ការបំពេញការងាររបស់បុគ្គលិក និង កិច្ចការសំខាន់សំខាន់មួយចំនួនទៀតផងដែរ ៕ដោយ៖ស តារា