ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៥និង៥០នាទីល្ងាច នៅចំណុចផ្លូវបំបែកមុខហាងម៉ាស្សា ហេង ហេង ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីបើកម៉ូតូបុកនគរបាលចរាចណ៍ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍នៅលើដងផ្លូវ បណ្តាលឲ្យមន្ត្រីចរាចរណ៍ដែលកំពុងអនុត្តន៍ច្បាប់ចរាចរណ៍ ឈ្មោះ ហ៊ូរ ប៊ុនស៊ាប ជាមន្ត្រីនគរបាលចរាចរក្រុងកំពង់ចាម ដួលរងរបួសជើង និងហើមមុខចំហៀងខាងឆ្វេង។
ជនបង្កឈ្មោះ មុត រុំ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់ចាម ខេត្តកំពង់ចាម (អាវខៀវ)បើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BT3813 និងអ្នករួមដំណើរ ឈ្មោះ ប្រាក់ សាម៉េត ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម (អាវក្រឡាការ៉ូ)។ ក្រោយពីធ្វើសកម្មភាពបុកនគរបាលចរាចរណ៍រួចមកកម្លាំងចំរុះដែលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើការឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង កំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ដំបូងឡើយជននេះជិះម៉ូតូឌុបគ្នា២នាក់ហើយអ្នកជិះពីក្រោយមិនមានពាក់មួកសុវត្តិភាពទេ។ ពេលធ្វើដំណើរមកកៀកនិងដល់កន្លែងត្រួតពិនិត្យម្នាក់ខាងក្រោយបានលោតចុះ ទុកតែអ្នកមានមួកធ្វើដំណើរបន្តឆ្លងកាត់កន្លែងត្រួតពិនិត្យ ជននេះមិនត្រូវបាន នប ចរាចរណ៍ហៅឈប់ឡើយ ២នាទីក្រោយគេបានបកត្រឡប់មកវិញ គេក៏មិនត្រូវបាន នប ហៅឈប់ឡើយ ។
ជាលើកទី៣គាត់បានឌុបគ្នាមកបំបុកនគរបាលចរាចរណ៍តែម្តង ទើបមានការឃាត់ខ្លួន ៕
ដោយ៖ ហេង នរិន្ទ្រ