ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនធំជាងគេលើពិភពលោកនៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែជំងឺកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនានេះថា ព្រឹត្តិការណ៍រត់រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉កនៅឆ្នាំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកាគឺជាការប្រារព្ធជាលើកទី៥០នៃព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះគឺជាព្រឹត្តិការណ៍ធំជាងគេបំផុតនៅលើពិភពលោកដោយមានអ្នកចូលរួមចំនួន៥៣.៦៤០នាក់កាលពីឆ្នាំ២០១៩ ។ ការរត់ម៉ារ៉ាតុននៅទីក្រុងប៊ែកឡាំងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែត្រូវបានលុបចោលវិញដោយសារតែអាជ្ញាធរប្រទេសអាល្លឺម៉ង់ មិនអាចធានាពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩​ ពិសេសភាពសប្បាយរីករាយ, សុខភាព និងការប្រមូលផ្តុំមនុស្សរបស់អ្នកចូលរួមមិនអាចត្រូវបានធានាឡើយ។

លោក Michael Capiraso ប្រធាន និងជានាយកប្រតិបត្តិនៃកម្មវិធីរត់ម៉ារ៉ាតុននៅក្រុងញូវយ៉កដែលជាអ្នករៀបចំកម្មវិធីបាននិយាយថា“ការលុបចោលការរត់ម៉ារ៉ាតុននៅទីក្រុងញូយ៉កនៅឆ្នាំនេះពិតជាគួរឱ្យខកចិត្តណាស់សម្រាប់មនុស្សគ្រប់គ្នាដែលចូលរួម ប៉ុន្តែវាច្បាស់ណាស់ថាយើងត្រូវតែគិតគូរពីសុខភាព និងសុវត្ថិភាពរបស់អ្នកទស្សនា អ្នកចូលរួមរត់ដែលវាមានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះធ្វើឲ្យមនុស្សទាំងនោះងាយនឹងឆ្លងជំងឺកូវីដ-១៩ណាស់”។

គួររំលឹកថា កាលពីដើមខែមិថុនាអ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងឡុង ប្រទេសអង់គ្លេសធ្លាប់បាននិយាយថា ពួកគេមិនបានបោះបង់ចោលក្តីសង្ឃឹមក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃទី៤ ខែតុលាឡើយ។ ប៉ុន្តែរហូតមកដល់ចុងខែមិថុនានេះមិនទាន់មានព័ត៌មានផ្លូវការថា ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុនដែលមានមនុស្សច្រើននេះ រដ្ឋាភិបាល និងអភិបាលក្រុងអនុញ្ញាតឲ្យធ្វើឬអត់នៅឡើយទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print