អាជ្ញាធររាជធានីភ្នំពេញប្រើគ្រឿងចក្រកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅដើម្បីរំដោះទឹកចេញពីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿងមកកាយសំរាម ភក់ ដើមស្មៅត្រែង និងកំប្លោកដែលបានកកកុញនៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការធ្វើសកម្មភាពកាយបើកផ្លូវទឹកបែបនេះ រហូតដល់ខេត្តកណ្តាលនោះ គឺក្នុងគោលបំណងដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញមិនថានៅកណ្តាលនិងជាយក្រុងនៃរាជធានីភ្នំពេញនោះទេ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោកនៅទ្វារទឹកស្ទឹងជ្រៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញ ។
លោកសាំ ពិសិដ្ឋ បានបន្តថា ស្ទឹងជ្រៅ មានទំហំពី២០ម៉ែត្រទៅ៣០ម៉ែត្រ ហើយស្ទឹងនេះ ជាផ្លូវបង្ហូរទឹកយ៉ាងសំខាន់ពីប៉ែកខាងត្បូងមហាវិថីសហព័ន្ឋរុស្សុី និងប៉ែកខាងត្បូងផ្លូវជាតិលេខ ៤ ដែលទទួលទឹកពីប្រឡាយទួលពង្រ ប្រឡាយបឹងហា ប្រឡាយភូមិម័ល ប្រឡាយបឹងទំពុន ប្រឡាយបឹងត្របែក និងបឹងជើងឯក រួចបង្ហូរទឹកឆ្ពោះទៅទន្លេបាសាក់ ដែលអាចរំដោះទឹកចេញពីខណ្ឌចំនួន៣នៅជាយក្រុងនិង៥ខណ្ឌកណ្តាលក្រុង ក្នុងនោះរួមមានខណ្ឌដូនពេញ ,ចំការមន ,បឹងកេងកង ,៧មករា,ទួលគោក( កណ្តាលក្រុង) ខណ្ឌមានជ័យ,ដង្កោនិងខណ្ឌពោធិ៍សែនជ័យ (ជាយក្រុង)។ ដោយមើលឃើញពីសារៈសំខាន់នេះ ទើបលោកឃួង ស្រេង ធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះតែម្តង សំដៅធ្វើយ៉ាងណាអាចរំដោះទឹកបាននៅរដូវវស្សានេះ៕. សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print