យោងតាមអតីតកីឡាករជើងចាស់លោក Kaka បានឱ្យដឹងថា Neymarនឹងក្លាយជាអ្នកប្រជែងឈានមុខគេសម្រាប់ពានរង្វាន់ Ballon d’Or ប្រសិនបើកីឡាកររូបនេះជួយក្រុម Paris Saint-Germain ឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ។
ក្លឹប PSG មិនបានប្រកួតប្រជែងចាប់តាំងពីខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយត្រូវបានលីកកំពូលបារាំងប្រកាសថា ជាម្ចាស់ជើងឯក Ligue 1 នៅពេលរដូវកាលនេះ ដោយលីកកំពូលមួយនេះបានប្រកាសរំសាយរាល់ការប្រកួតដែលនៅសល់។ ដូច្នេះក្រុមរបស់លោកThomas Tuchel នឹងមានពេលវេលាច្រើនដើម្បីហ្វឹកហាត់ដើម្បីត្រៀមប្រកួតក្របខ័ណ្ឌ Champions League ដែលបានរៀបចំប្រកួតឡើងវិញក្នុងរយៈពេល៦សប្តាហ៍ទៀត ។
ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទីទាំងពីរជើងនៃការជម្រុះជាមួយក្រុម Borussia Dortmund វគ្គ១៦ក្រុមចុងក្រោយមុនពេលរដូវកាលត្រូវបានផ្អាក ។
អតីតតារាឆ្នើមរបស់ក្លិប Real Madrid និងក្រុម AC Milan លោក Kakaគិតថា ការលើកទឹកចិត្តដល់ក្រុម PSG ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេនឹងធ្វើឱ្យ Neymar ស្ថិតនៅក្នុងបញ្ជីសម្រាប់ការទទួលពានរង្វាន់ដ៏ធំ Ballon d’Or មួយនេះ។
នៅពេលត្រូវបានសួរថា តើប្រេស៊ីលមានបេក្ខជនណាម្នាក់សម្រាប់ពានរង្វាន់ Ballon d’Or លោក Kaka បានប្រាប់សារព័ត៌មាន GloboEsporte ថា “ទីមួយគឺ Neymar ដែលជាកីឡាករនាំមុខគេ” ។ លោក Kaka បន្តថា “ខ្ញុំជឿជាក់ថា Neymar គឺជាកីឡាករឆ្នើមម្នាក់នៅថ្ងៃនេះ។ គាត់ឈ្នះពានរង្វាន់នឹងអាស្រ័យលើសមទ្ធិផលក្រុមដែលគាត់ជាសមាជិកកំពុងលេង”។
លោក Kaka បានបន្ថែមថា “ឥឡូវយើងក្រឡេកមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Neymar គឺជាតួឯកសំខាន់របស់ក្រុម Paris Saint-Germain។ Neymar សមនឹងទទួលបានពានរង្វាន់ Ballon d’Or សម្រាប់កីឡាករឆ្នើមបំផុតនៅលើពិភពលោក ប្រសិនជាគាត់ជួយក្រុមគាត់លើកពាន”។
លោក Kaka ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០០៧ និងជាកីឡាករចុងក្រោយដែលមិនបានដាក់ឈ្មោះកីឡាករ Cristiano Ronaldo ឬ Lionel Messi ដើម្បីទទួលបានពានរង្វាន់ រហូតដល់ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric ទទួលបានពានមួយនេះនៅឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា។ ដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិការប្រកួតក្លឹបចំនួន៨ចុងក្រោយនៃទ្វីបអឺរ៉ុបនឹងធ្វើដំណើរទៅកាន់ទីក្រុង Lisbon សម្រាប់ការប្រកួតតែមួយជើងប៉ុណ្ណោះគឺគ្មានការប្រកួតក្នុងទឹកដី និងការប្រកួតក្រៅទឹកដីទេ ដែលត្រូវបានលេងក្នុងរយៈពេល១២ថ្ងៃដើម្បីបញ្ចប់រដូវកាលនេះ ៕