យ៉ាងហោចណាស់មានមនុស្ស ៨៣នាក់ស្លាប់ដោយរន្ទះបាញ់នៅរដ្ឋ Biharភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០។ ចំណែករដ្ឋ Uttar Pradesh ក៏មានមនុស្ស២៤នាក់ស្លាប់ ដោយរន្ទះបាញ់ផងដែរ។
មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋ Bihar បានឲ្យដឹងថា គ្រាន់តែនៅក្នុងស្រុក Gopalganj មានមនុស្ស១៣នាក់ស្លាប់។ លោក Sandeep Kumar មន្ត្រីគ្រប់គ្រង គ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា «គ្រាន់តែក្នុងរយៈពេល១ថ្ងៃគឺ មានមនុស្សជាច្រើនស្លាប់ដោយសាររន្ទះបាញ់។មន្ត្រីក្នុងតំបន់ក៏បានជួយដល់គ្រួសារជនរងគ្រោះស្លាប់ដោយរន្ទះបាញ់»។
តាមបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉ានដ្រា ម៉ូឌី Narendra Modi បានបញ្ជាក់ថា លោកទទួលបានព័ត៌មានស្តីពី គ្រោះធម្មជាតិខាងលើ ហើយមន្ត្រីរដ្ឋាភិបាលត្រូវតែចូលរួមជាមួយពលរដ្ឋ ជួយដល់អ្នករងគ្រោះ។នាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ»។
នៅក្នុងខែឧសភា និងខែមិថុនា ជាពេលវេលាដែល មានភ្លៀងផ្គរសម្លាប់មនុស្សជាច្រើន ក្នុងមួយឆ្នាំៗ។ តាមតួលេខជាផ្លូវការ កាលពីឆ្នាំ២០១៧ មានមនុស្សស្លាប់ ២៨៨៥នាក់ដោយរន្ទះបាញ់ ឆ្នាំ២០១៨ មាន២៣៥៧នាក់ ចំណែកឆ្នាំ២០១៩ មិនទាន់មានរបាយការណ៍។
វិស័យសេដ្ឋកិច្ច របស់ឥណ្ឌាអាស្រ័យភាគច្រើនទៅលើវិស័យកសិកម្ម ហើយពេលវេលាសំខាន់គឺនៅខែមិថុនា និងខែកញ្ញា ដែលជាពេលវេលាមានភ្លៀងច្រើនជាងគេប្រចាំឆ្នាំ។ប្រព័ន្ធធរាសាស្ត្រមិនសូវសម្បូបែបនៅក្នុងប្រទេសឥណ្ឌានោះឡើយ ហើយប្រជាពលរដ្ឋពឹងផ្អែកទៅលើទឹកភ្លៀងតែប៉ុណ្ណោះ៕ ដោយ៖ធីរីណា