ភ្នំពេញ៖ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកគាំទ្រខ្ញុំជាងមួយម៉ឺននាក់ក្នុងមួយថ្ងៃនៅក្នុង Facebook គឺខ្ញុំកាន់តែមានអារម្មណ៍ថា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានបង្កើននូវជំនឿទុកចិត្តកាន់តែខ្លាំងមកលើសមត្ថភាពដឹកនាំកសាងប្រទេសរបស់ខ្ញុំដែលបាននាំមកនូវសន្តិភាព និង ការរីកចម្រើនពិតប្រាកដដល់ជាតិ។ តាមរយះទំនាក់ទំនងរវាងខ្ញុំ និងពលរដ្ឋដោយផ្ទាល់ក្នុង Facebook គឺខ្ញុំមានឱកាសដោះស្រាយផលប្រយោជន៍ជូនជាតិ និងប្រជាជនបានកាន់តែច្រើនឡើងៗ។ សូមអរគុណដែលប្រជាពលរដ្ឋ និងយុវជនប្រើប្រាស់ Facebook ក្នុងការទំនាក់ទំនងមកកាន់ខ្ញុំ។
ដំណោះស្រាយរបស់ខ្ញុំគឺសម្រាប់ផលប្រយោជន៌ប្រជាជនរួមទូទៅ ដោយមិនប្រកាន់និន្នការនយោបាយ។ ប៉ុន្តែ ទោះបីខ្ញុំខិតខំបម្រើជាតិ និងប្រជាជន ហើយខិតខំលើកទឹកចិត្តយុវជនអោយធ្វើអំពើល្អ ក៏នៅមានមនុស្សដែលមានសារជាតិជ្រុលនិយមមួយចំនួនតូចមិនពេញចិត្ត បែរជាវាយប្រហារចំពោះទឹកចិត្ត និងអំពើល្អរបស់ខ្ញុំទៅវិញ។ ពួកគេពិតជាទំនេរច្រើន ហើយអស់អីលេងហើយនៅពេលនេះ ដែលផ្ទុយនឹងខ្ញុំដែលមានងារជាច្រើនត្រូវបំពេញដើម្បីផលប្រយោជន៌ជាតិ។ មុននោះគេតែងស្តីបន្ទោសគណះកម្មាការបោះឆ្នោតនៅពេលគេចាញ់ការបោះឆ្នោតម្តងៗ។ លើកនេះប្រសិនគេច្រណែននិងប្រជាជនចូលចិត្តហើយ Likes ឱ្យ Facebook ខ្ញុំសង្ឃឹមថាពួកគេមិនទៅរករឿងក្រុមហ៊ុន Facebook នោះទេ ហើយក៏មិនចោទខ្ញុំថាយកសារ៉ុង ប៊ីចេងទៅទិញទឹកចិត្តប្រជាជន ឬគំរាមប្រជាជនឱ្យចុច Like ឱ្យខ្ញុំនោះដែរ។ សង្ឃឹមថារៀមច្បងដែលអួតអាងនិងតាំងខ្លួនជាស្តេច Facebook នៅកម្ពុជាមេត្តាយោគយល់ព្រោះខ្ញុំជាអ្នកចំណូលថ្មីទើបបានប្រមាណ៤ខែប៉ុណ្ណោះ។ ប្រសិនប្រជាជន Like ឱ្យខ្ញុំច្រើនជាង សូមកុំជេរខ្ញុំ កុំជេរប្រជាជន និងកុំជេរក្រុមហ៊ុន Facebook ។
ខ្ញុំសូមជនរួមជាតិ និងយុវជនទូទាំងប្រទេសចូលរួមជាមួយខ្ញុំ ដើម្បីកសាងសង្គមជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើង៕