រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលថ្មីៗនេះបានរកឃើញមានការបញ្ជូនលុយច្រឡំរហូតដល់១,៤ពាន់លានដុល្លារជាប្រាក់ជំនួយកូវីដ១៩ឲ្យទៅ«ឈ្មោះខ្មោច»ជាង១លាននាក់ដែលបានស្លាប់ជាយូរណាស់មកហើយ។
សារព័ត៌មាន China daily បានដកស្រង់ប្រភពព័ត៌មានពី “New York Times” ដែលបានផ្សាយថា ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក (GAO) បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី២៥ ខែមិថុនា ពីការផ្ញើប្រាក់ច្រឡំទៅឲ្យមនុស្សជាង១លាននាក់ដែលស្លាប់យូរមកហើយ។
អាមេរិកបានផ្តល់ជំនួយជាប្រាក់សរុប២៧០ពាន់លានដុល្លារដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ។ ប្រាក់ទាំងនោះជាផ្នែកមួយក្នុងកញ្ចប់ប្រាក់ជំនួយសេដ្ឋកិច្ចជាតិ សរុប ២.៦០០ពាន់លានដុល្លារ ដែលបានអនុម័តកាលពីខែមីនាឆ្នាំ២០២០។ ប៉ុន្តែទឹកប្រាក់ជាច្រើនក្នុងចំណោមនោះត្រូវបានគេរកឃើញថា ប្រើប្រាស់ខុសគោលដៅ។
តំណាងរាស្ត្រ Carolyn Maloney ប្រធានគណៈកម្មការត្រួតពិនិត្យនិងកែទម្រង់របស់សភាអាមេរិកបានឲ្យដឹងថា ប្រាក់ជាច្រើនដែលបានប្រើប្រាស់គ្មានតម្លាភាព ក្នុងនោះមានទាំងផ្តល់ជូនឈ្មោះ(ខ្មោច) ដល់ទៅជាង១,៤ពាន់លានដុល្លារ ៕