លោក ម៉ម ប៊ុននាង នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រ្តីសម្រាលកូន ចំនួន៦២គ្រួសារ នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីជួយដោះស្រាយដល់ជីវភាពប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ–១៩ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ) និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រ្តីទើបសម្រាលកូនចំនួន៦២គ្រួសារ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ ។
លោក ម៉ម ប៊ុននាង បានលើកឡើងថា នៅប្រទេសកម្ពុជាយើងអាស្រ័យដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អឆាប់រហ័ស និងទាន់ពេលវេលា ទើបស្ថានភាពនៃជំងឺនេះ បានធូរស្រាលហើយការចម្លង ក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោកប្រធានគណៈកម្មការ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ ដៃជើង និងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ជាពិសេសត្រូវចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រើន នៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះនឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលគោលបំណងធំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ–១៩ ដោយរួមបញ្ចូលផងដែរនូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ។
ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានផ្តាំផ្ញើដល់អាជ្ញាធរ មានសមត្ថកិច្ចក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃ នូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសគឺការផ្តល់សេវាសាធារណៈ ដែលជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ លោកបាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនមកពី៥ភូមិ គឺភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ស្ថិតនៅឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋសរុប៦២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ុីវ១យួរ,អំបិល១គីឡូ, ប៊ីចេងកន្លះគីឡូ, សារុង១ និងថវិកា៥ម៉ឺនរៀល។ ព្រមទាំងបានផ្តល់ថវិកាដល់គ្រួសារសពចំនួន៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា២០ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន៩,២០០,០០០ រៀល៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print