ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានដឹកនាំប្រតិភូក្រសួងបរិស្ថានគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២:០៤នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ផៃ ប៊ុនឈឿន និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មឹងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក នាយឧត្ដមសេនីយ៍ ចក់ ឡេង និងអញ្ជើញជួបសុន្ទនាចែករំលែកទុក្ខជាមួយលោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់នាយឧត្ដមសេនីយ៍ ចក់ ឡេង។
លោករដ្ឋលេខាធិការប្រចាំការបានអញ្ជើញប្រគល់ជូនលោកស្រី ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ នូវបបច្ច័យចូលរួមក្នុងពិធីបុណ្យសព នាយឧត្ដមសេនីយ៍ ចក់ ឡេង និងបានបន្តអញ្ជើញដឹកនាំប្រតិភូបរិស្ថានចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលលោកបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖ សិលា