ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានគ្រោងនឹងបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងមន្ត្រីអាកាសចរណ៍ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងការធ្វើតេស្តហោះហើរ របស់អាកាសយានិក។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ប៉ាគីស្ថាន លោកGhulam Sarwar Khan បានប្រកាសថា ក្រុមអ្នកជំនាញនឹងបើកការស្រាវជ្រាវទៅលើការសូកប៉ាន់រវាងអាកាសយានិកនិឹងមន្ត្រី អាកាសចរណ៍ស៊ីវិលចាប់តាំងពីឆ្នាំ២០១៨មក ក្រោយរកឃើញអាកាសយានិកបានជាប់ក្នុងការប្រឡងយ៉ាងងាយស្រួលបំផុត។ អ្នកទាំងនោះអាចត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
តាមលទ្ធផលស្រាវជ្រាវ ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងការ៉ាជីមក មន្ត្រីអាកាសចរណ៍បានរកឃើញអាកាសយានិកក្នុងប្រទេសនេះដល់ទៅ១ភាគ៣ ក្នុងចំណោមអាកាសយានិក ៨៦០នាក់បានប្រើប្រាស់បណ្ណបើកបរយន្តហោះមិនគ្រប់លក្ខខណ្ឌ។
ជាមួយគ្នានេះ មន្ត្រីការប៉ាគីស្ថាន ក៏បានបញ្ជាឲ្យអាកាសយានិក ២៦២នាក់ដែលសង្ស័យប្រើប្រាស់បណ្ណបើកយន្តហោះក្លែងក្លាយបានផ្អាកការហោះហើរជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវ។ ប្រសិនបើរកឃើញប្រើប្រាស់បណ្ណបើកយន្តហោះមិនគ្រប់លក្ខណៈ និឹងត្រូវប្រឈមមុខបទល្មើព្រហ្មទណ្ឌ៕
ដោយ៖ ធី រីណា