ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា ទីក្រុងភ្នំពេញយើងសព្វថ្ងៃ គឺជនរួមជាតិប្រាកដជាបានឃើញពីការរីកចម្រើននៅនឹងភ្នែកស្រាប់។ ទន្ទឹមនឹងការរីកលូតលាស់ គឺរាជរដ្ឋាភិបាលខិតខំកែរសម្រួលរៀបចំប្រព័ន្ធទីក្រុងអោយមានលក្ខណះកាន់តែល្អប្រសើរឡើង។ តែទោះបីយ៉ាងណាក៏ការអភិវឌ្ឍន៍នៅក្នុងទីក្រុងគឺប្រឈមនឹងបញ្ហាមួយចំនួនដែលត្រូវកែរលម្អជាបន្តបន្ទាប់ទាំងនៅពេលនេះ និងទៅអនាគត។
ខ្ញុំចងចាំបានច្បាស់ណាស់ កាលពីយើងរំដោះទីក្រុងភ្នំពេញបានពីររបបប៉ុលពត នៅឆ្នាំ ១៩៧៩ ដែលទីនេះគឺជាទីក្រុងខ្មោចស្ងាត់ជ្រងំគួរអោយខ្លាច។ ទីក្រុងដែលធ្លាប់មានមនុស្សរស់នៅរាប់លាននាក់អ៊ូអរ មានរថយន្តតូចធំធ្វើដំណើរ និងមានអាជីវករ ពាណិជ្ជករ និងទេសចរ បានក្លាយជាទីក្រុងដែលបោះបង់ចោលទាំងស្រុងក្នុងរបបខ្មេរក្រហម។ ខ្ញុំឃើញគំនរខ្មោចរថយន្ត និងម៉ូតូ សៀវភៅសិក្សា និងសំភារះរបស់របរប្រើប្រាស់ត្រូវបានគេយកមកគរចោលនៅតាមទីធ្លាសាធារណះ។ ខ្ញុំពិតជាស្លុតខ្លាំងណាស់ នៅពេលឈានជើងចូលដល់រាជធានីភ្នំពេញដំបូងនៅឆ្នាំ ១៩៧៩។ ទីក្រុវវប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់ល្បីរន្ទឺរកាលពីមុន គឺត្រូវបានបំផ្លាញចោល។ ចម្រៀងមួយបទដែលជនរួមជាតិបានស្តាប់ហើយរំជួលចិត្តនៅពេលនោះគឺ “ឱភ្នំពេញអើយ!”។
យើងក្រលេកមើលទីក្រុងភ្នំពេញសព្វថ្ងៃ ដែលមានកំណើនប្រជាពលរដ្ឋឡើងជិតដល់ ២ លាននាក់ និងកំណើនលំនៅដ្ឋាន យានយន្តមធ្យោបាយធ្វើដំណើរគ្រប់ធន់ គ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិត និងកំណើនមុខរបរ និងប្រាក់ចំណូលដែលធ្វើអោយពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរថ្នៃថ្នូរ។ កត្តាទាំងអស់នេះ គឺបានជួយជំរុញសេដ្ឋកិច្ជាតិអោយមានសន្ទុះរីកចម្រើនព្រមគ្នា។
ទោះបីទីក្រុងយើងរីកចម្រើនបែបនេះក្តី ក៏ប៉ុន្តែចំពោះបុគ្គលមួយចំនួនតូចគឺមិនបានឃើញពីភាពរីកច្រើននេះទេ។ ព្រោះពួកគេមិនបានឆ្លងកាត់ការតស៊ូលំបាកវេទនាក្នុងការកសាងទីក្រុងពីក្រោមចំណុចសូន្យរហូតមកទល់ពេលនេះ។ ហើយម៉្យាងវិញទៀត ពីព្រោះពួកគេក៏មិនដែលបានកសាងទីក្រុងអ្វីដែរ។ ដូច្នេះគេមិនបានដឹងអំពីការរីកចម្រើនពិតប្រាកដមែន។
ខ្ញុំបន្តដឹកនាំ និងខិតខំកសាងទីក្រុង និងប្រទេសជាតិយើងទាំងមូលអោយកាន់តែរីកលូតលាស់លឿនទៅមុខ ជាមួយនិងការចូលរួមរបស់ជនរួមជាតិ និងយុវជនទូទាំងប្រទេស៕