ស្អែកនេះ! រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលីស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ១៩ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនានេះ បានបញ្ជាក់ទៀតថា៖ កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ានប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ១៩ដែលពុំធ្លាប់មានពីមុន

ក្នុងកិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្រ្តាលីនាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺ រាតត្បាតជាសកល។ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានា ដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print