ខេត្តមណ្ឌលគិរី៖ មន្ត្រីពាក់ព័ន្ធជាច្រើន មានជាអាទិ៍អភិបាលខេត្តមណ្ឌលគិរី ដែលស៊ីញ៉េឯកសាររំលោភយកដីរដ្ឋចំនួន១ពាន់ហិកតា មិនទាន់ត្រូវបានចាប់ខ្លួន ខណៈលោក សេង សុវណ្ណារ៉ា ត្រូវជាប់ពន្ធនាគារ ហើយនាពេលថ្មីៗកន្លងទៅនេះ។
សូមជម្រាបថា៖ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ត្រូវបានលោក សុង ប៉ុណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ចំនួន៤បទល្មេីស ពាក់ព័ន្ធករណីរំលោភដី១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គម Telegram ថា លោក សេង សុវណ្ណារ៉ា ត្រូវបានចោទប្រកាន់ចំនួន៤បទល្មេីស គឺ បទឆបោកមានស្ថានទម្ងន់ទោស ,បទកាន់កាប់អាវុធគ្មានលិខិតអនុញ្ញាត ,បទសំឡុតកុំអោយមានការប្តឹងផ្តល់ ,និង បទរំលោភទ្រព្យសម្បត្តិសាធារណៈ ។
ជាមួយគ្នានេះ មជ្ឈដ្ឋានជាច្រើន ចង់ឃើញ តុលាការ បន្តវែកមុខមន្ត្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះផង ដែលបានស៊ីញ៉េរំលោភយកដីរដ្ឋចំនួន១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី នេះ ខណៈធ្លាយឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា អាចជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាដើម ។
លោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។
សូមរំលឹកថា ៖ លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក សេង សុវណ្ណារ៉ា មានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា៖ ក្នុងឯកសារគំនូសបង្ហាញទ្រង់ទ្រាយដី វាស់ដោយ GPS WGS 84 ដីមួយកន្លែងស្ថិតនៅភូមិ អន្ត្រេះ ឃុំ អរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បញ្ជាក់ជាកម្មសិទ្ធរបស់ជនជាប់ចោទ សេង សុវណ្ណារ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៨៥៣៣៤៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ទីលំដៅបច្ចុប្បន្នផ្ទះលេខ ៤៨ ផ្លូវលេខ៥៨៨ ភូមិ១១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺមានឈ្មោះ លោក ហុីង ច្រះ ជាមេភូមិអន្ត្រេះ ចុះហត្ថលេខា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨, លោក ហាន សុខន ជាមេឃុំ អរបួនលើ ចុះហត្ថលេខា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨,លោក សុិន វណ្ណវុឌ្ឍ ជាអភិបាលស្រុក កោះញែក ចុះហត្ថលេខា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨,និងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគិរី ចុះហត្ថលេខា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ខាងលើដែលពាក់ព័ន្ធនេះ ប្រហែលជាមិនរួចខ្លួនពីផ្លូវតុលាការឡើយ៕
ដោយ៖ ចេស្តា