ភ្នំពេញៈ រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ
បានបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ដេីម្បីដោះស្រាយបញ្ហា និងស្តាប់ពីសំណេី- សំណូមពរ របស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកអ៊ុជ គឹមអន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅ លោកស្រី សុភ័ក្ត ថាវី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅក្នុងបរិវេណវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
វេទិកានេះមានប្រជាពលរដ្ឋមកពីសង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់ក្បាលកោះ មានចំនួនជាង២០០នាក់ បានចូលរួមស្តាប់ និងលើកជាសំណើនិងសំណូមពរ ដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។
ប្រជាពលរដ្ឋនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ សំណូមពរឱ្យជួយរំដោះទឹកលិចផ្លូវ និងជួយដាក់ភ្លើងបំភ្លឺផ្លូវនៅតាមមាត់ទន្លេ។ ចំណែកប្រជាពលរដ្ឋនៅព្រែកថ្មីសំណូមពរឱ្យជួយទប់ស្កាត់កុំឱ្យក្រុមហ៊ុនចាក់ដីរំលោភយកប្រឡាយទឹក ។នៅមានសំណើនិងសំណូមពរជាច្រើនទៀតដែលប្រជាពលរដ្ឋសរសេរជាលាយលក្ខណ៍អក្សរដាក់ចូលក្នុងធុងបញ្ជូនទៅឱ្យក្រុមការងារដើម្បីដោះស្រាយ ជូន។
បន្ទាប់ពីស្តាប់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋរួចមក លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា លោកនឹងដោះស្រាយជាជំហានៗទៅតាមលទ្ធភាពដែលធ្វើបាន ។ បញ្ហាទឹកដក់លើផ្លូវក្នុងភូមិគឺដោយសារភូមិសាស្ត្រនោះមិនទាន់មានប្រព័ន្ធលូរំដោះទឹក ការងារនេះអាជ្ញាធរខិតខំណាស់ដើម្បីដោះស្រាយតាមសំណូមរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះសំណូមពរដាក់ភ្លើងបំភ្លឺផ្លូវតាមមាត់ទន្លេ កន្លងមករដ្ឋបាលខណ្ឌដាក់បានពាក់កណ្តាលហើយ នៅសល់ពាក់កណ្តាលទៀតនិឹងសិក្សាលទ្ធភាពដាក់បន្ត ។
ដោយឡែកចំពោះសំណូមពរជាលាយលក្ខណ៍អក្សរ ក្រុមការងារនិឹងពិនិត្យមើលហើយឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋវិញបន្ទាប់ពីក្រុមការងារប្រជុំសម្រេចនៅពេលខាងមុខ ៕ សណ្តោស