អាកាសធាតុត្រជាក់បាននិងកំពុងគំរាមកំហែងបណ្តាប្រទេសតំបន់អាស៊ីភាគខាងកើត ក្នុងនោះ មនុស្ស៨៥នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសតៃវ៉ាន់ ខណៈដែលអ្នកដំណើរតាមជើងហោះហើរប្រមាណ៦០.០០០នាក់ផ្សេងទៀតកំពុងជាប់គាំងនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង ។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រភពព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានបញ្ជាក់ថា ពលរដ្ឋក្នុងប្រទេសនេះបានបាត់បង់ជីវិតជាបន្តបន្ទាប់ ក្រោយអាកាសធាតុត្រជាក់ខ្លាំងចាប់ផ្តើមធ្លាក់កាលពីសប្តាហ៍មុន ។ ជនរងគ្រោះទាំងនោះបានបាត់បង់ជីវិតដោយសារតែត្រជាក់ខ្លាំងពេក និងដោយសារជំងឺបេះដូង ។
នៅអំឡុងពេលជាមួយគ្នានេះដែរ ការធ្លាក់ព្រឹលខ្លាំងនៅកូរ៉េខាងត្បូងបង្ខំឲ្យមានការបិទអាកាសយានដ្ឋានសម្រាប់ការហោះហើរឆ្ពោះទៅកាន់តំបន់ទេសចរណ៍ ដែនកោះ Jeju នោះផងដែរធ្វើឲ្យអ្នកដំណើរ និងអ្នកទេសចរណ៍ច្រើនម៉ឺននាក់ជាប់គាំង ។
អាកាសធាតុត្រជាក់នេះបានគំរាមកំហែងកោះហុងកុងទាំងមូល គំរាមកំហែងនៅភាគខាងត្បូងប្រទេសចិន និងនៅជប៉ុនផងដែរ ។
ជនរងគ្រោះដែលគ្រោះថ្នាក់ដល់អាយុជីវិតនៅតៃវ៉ាន់នោះ ភាគច្រើននៅតំបន់តៃប៉ិ និង Taoyuan ។ ដែលនៅទីកន្លែងទាំងនេះមានអ្នកស្លាប់រហូតដល់៦៦នាក់ ភាគច្រើនជាមនុស្សចាស់ជរា ។ រីឯ១៦នាក់ផ្សេងទៀតស្ថិតនៅភាគខាងត្បូងទីក្រុង Kaohsiung ។
អាកាសធាតុនៅទីក្រុងតៃប៉ិ កាលពីថ្ងៃអាទិត្យកន្លងមកនេះសីតុណ្ហភាពបានធ្លាក់មកនៅត្រឹម៤អង្សាសេ មិនធ្លាប់កើតមានក្នុងរយៈពេល៤៤ឆ្នាំ។ លំនៅឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគច្រើនខ្វះកម្តៅ ទើបជាមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកាន់តែច្រើនឡើង។ ជនរងគ្រោះភាគច្រើនមានបញ្ហានៅត្រង់បេះដូង និងពិបាកដកដង្ហើម ។
អាជ្ញាធររបស់តៃវ៉ាន់បានចេញប្រកាសណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសពលរដ្ឋដែលមានវ័យកាន់តែចាស់នោះ ត្រូវតែរក្សាកម្តៅនៅជាប់ខ្លួនជានិច្ច ។
នៅកូរ៉េខាងត្បូងឯណោះវិញ ជើងហោះហើរក្នុងស្រុក និងក្រៅស្រុកប្រមាណ៥០០ជើងត្រូវលុបចោលជាបន្ទាន់ ជាពិសេសការហោះហើរឆ្ពោះទៅកាន់តំបន់ Jeju ដ៏ល្បីល្បាញនោះតែម្តង ។ នៅដែនកោះ Jeju សីតុណ្ហភាពបានធ្លាក់ដល់កម្រិត-៦អង្សាសេ ។ ទោះបីយ៉ាងណា នៅថ្ងៃចន្ទ សប្តាហ៍ខាងមុខ ជើងហោះហើរទាំងនេះគ្រោងបើកឲ្យដំណើរការជាធម្មតាឡើងវិញ ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានជាប់គាំងកាលពីចុងសប្តាហ៍មុនមកម្ល៉េះ ។ អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងសម្របសម្រួលចំពោះបញ្ហានេះ ។
ពលរដ្ឋរស់នៅក្នុងទីក្រុងហុងមិនធ្លាប់ជួបប្រទះអាកាសធាតុត្រជាក់រហូតដល់ដល់កម្រិត៣អង្សាសេនោះឡើយក្នុងរយៈពេលជិត៦០ឆ្នាំកន្លងមក ។
នៅផ្នែកខ្លះក្នុងតំបន់ Guangzhou និង Shenzhen ភាគខាងត្បូងប្រទេសចិន បែរជាមានការធ្លាក់ព្រឹលយ៉ាងចម្លែក មិនធ្លាប់កើតមានពីមុនមក ខណៈដែលភាគខាងត្បូងដែនកោះអូគីណាវ៉ា របស់ជប៉ុនក៏មានការធ្លាក់ព្រឹលជាលើកដំបូងផងដែរ ។
ព្យុះព្រឹលបានវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសជប៉ុនផងដែរ បង្ខំឲ្យជើងហោះហើរក្នុងតំបន់ជាង៦០០ជើងត្រូវលុបចោលការហោះហើរកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ កន្លងមកនេះ ។ នៅក្នុងប្រទេសជប៉ុន ព្យុះព្រឹលនេះបានបង្កឲ្យមនុសុ្ស៥យ៉ាងតិច៥នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតរងរបួស ។
សីតុណ្ហភាពបានធ្លាក់ចុះខ្លាំងណាស់ដែរនៅប្រទេសអាស៊ីភាគអាគ្នេយ៍ ក្នុងនោះមាននៅវៀតណាម និងប្រទេសថៃផងដែរ។ នៅទីក្រុងបាងកក សីតុណ្ហភាពបានធ្លាក់ពី២០អង្សាសេ មកនៅត្រឹម១៦អង្សាសេ ខណៈទៅទីក្រុងហាណូយសីតុណ្ហភាពធ្លាក់មកនៅត្រឹម៦អង្សាសេ ដែលត្រជាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ទសវត្សរ៍នៅក្នុងប្រទេសនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត