ខេត្តកណ្ដាល៖ ជនជាតិចិនជាមុខសញ្ញាចោរប្លន់ប្រាក់ម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនករណីហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យជនជាតិចិននេះ វាយទៅលើជនជាតិចិនដូចគ្នា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង១០នាទី នៅចំណុចរោងចក្រ ជៀនស៊ូ អេ ប៊ី ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ XIAO QIUHE ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិ ចិនដីគោក មុខរបរ ប្រធានក្រុមហ៊ុន ជៀនស៊ូអេប៊ី កាន់លិខិតឆ្លងដែន លេខ
EH36422871។ ចំណែកជនសង្ស័យឈ្មោះ DUAN YU XING ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EH 7868093។ ជនសង្ស័យនិងជនរងគ្រោះ បច្ចុប្បន្នស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានទទួលបញ្ជាពីបងប្រុសឈ្មោះ ទាន់ យុងភីង ដែលជាថៅកែរោងចក្រ ដែលបច្ចុប្បន្ននៅប្រទេសចិន ដើម្បីមកយកសម្ភារនៅរោងចក្រកើតហេតុ ដែលបច្ចុប្បន្នជនរងគ្រោះជាអ្នកគ្រប់គ្រង ដើម្បីយកទៅលក់។ បន្ទាប់មក ជនសង្ស័យបានមកគំរាមយករថយន្តម៉ាកព្រូសពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឲ្យជនសង្ស័យទេ ភ្លាមនោះ ជនសង្ស័យក៏វាយទៅលើជនរងគ្រោះមួយដៃ និងជាន់ជនរងគ្រោះផ្អឹបទៅលើការ៉ូ ហើយយកបានកូនសោរថយន្តដើរចេញពីរោងចក្រទៅទិសខាងលិចបាត់ទៅ។
បន្ទាប់ពីកម្លាំងនគរបាលស្រុកអង្គស្នួលទទួលបានព័ត៌មានខាងលើភ្លាមក៏ចុះមកកន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានវាយជនរងគ្រោះមួយដៃ និងជាន់ជនរងគ្រោះផ្ទប់ទៅលើការ៉ូប្រាកដមែន ហើយចំពោះរថយន្តខ្លួនមិនបានយកទៅទេ យកតែកូនសោទុកប៉ុណ្ណោះដើម្បីកុំឲ្យជនរងគ្រោះជិះ។
សូមបញ្ជាក់ថា៖ ជនសង្ស័យធ្លាប់ប្លន់លុយនៅប្រទេសចិន ហើយជាប់ពន្ធនាគារជាង៤ឆ្នាំ៕
ដោយ ស្អាងជ័យ