អន្តរជាតិ៖ ក្រុមបាតុករយ៉ាងតិច៣៧០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវចោទពីបទបំពាននឹងច្បាប់សន្តិសុខជាតិ ដែលទើបតែចូលជាធរមានក្តៅៗនៅក្នុងទីក្រុង។ ចំណែកប៉ូលីសហុងកុងចំនួន ៧នាក់ក៏រងរបួស ដោយសារក្រុមបាតុករដែរ។ ដោយបាតុកម្មនៅទីក្រុងហុងកុងក្នុងថ្ងៃពុធទី១ ខែកក្កដាម្សិលមិញនេះ បាតុករជាច្រើនបានកាន់ទង់ជាតិហុងកុង ទង់បំបែកទឹកដីហុងកុង ឯបាតុករបិទផ្លូវខ្លះនៅក្នុងទីក្រុងជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។
សូមជម្រាបថានៅក្នុងថ្ងៃខួបលើកទី២៣ ដែលអង់គ្លេសប្រគល់ហុងកុងមកឲ្យចិន ប៉ូលីសហុងកុង បានហាមឃាត់ការជួបប្រជុំទាំងឡាយនៅក្នុងទីក្រុង ដោយផ្អែកទៅលើហេតុផលទប់ស្កាត់ និងបង្ការជំងឺរាតត្បាត ដែលបង្កដោយ COVID-19។ ប៉ុន្តែហេតុផលនេះ គ្រាន់តែជាហេតុផលមួយផ្សេងរបស់អាជ្ញាធរ ក្នុងការការពារមិនឲ្យមានការជួបប្រជុំ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិតែប៉ុណ្ណោះ។
ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ការពារសិទ្ធិមនុស្ស ការពារគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» និងរក្សាស្ថិរភាពរបស់ហុងកុង។រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ចិន រហូតដល់មន្ត្រីជាន់ខ្ពស់ហុងកុង បានលើកឡើងបែបនេះ ដើម្បីការពារច្បាប់សន្តិសុខជាតិ ដែលត្រូវបានប្រទេសជាច្រើនរិះគន់ថា រឹតបន្តឹងសិទ្ធិសេរីភាពហុងកុង។ ជាក់ស្តែង លោកZhang Xiaoming នាយករងនៃការិយាល័យកិច្ចការទីក្រុងម៉ាកាវ និងហុងកុងរបស់រដ្ឋាភិបាលចិន បានលើកឡើងនៅក្នុងសន្និសិទកាសែតនាថ្ងៃទី១ ខែកក្កដា ច្បាប់សន្តិសុខជាតិហុងកុង គឺជាបញ្ហាក្នុងស្រុករបស់ចិនសុទ្ធសាធ ហើយបរទេសគ្មានសិទ្ធិជ្រៀតជ្រែកឡើយ។
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង បានអះអាងថា ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ស្តារស្ថិរភាពហុងកុងឡើងវិញ ហើយច្បាប់នេះទៀតសោត ផ្តោតតែទៅលើមនុស្សតែមួយក្រុមតូចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនដូចជា៖ អាមេរិកជាដើម យល់ថាច្បាប់ថ្មីនេះ គឺជាការបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជន។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានទទូចឲ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចាត់វិធានការបន្ថែមលើទៅចិន តាមរយៈច្បាប់២០១៩ ដែលត្រូវបានអនុម័ត ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន។ បើតាមលោកស្រី Pelosi រដ្ឋាភិបាលអាមេរិក ត្រូវពិចារណាពីជម្រើសទាំងអស់ ដែលអាមេរិកមាន ដូចជាការរឹតត្បិតទិដ្ឋាការ ឬទណ្ឌកម្មសេដ្ឋកិច្ចជាដើម៕ដោយ៖ស សម