អន្តរជាតិ៖ នាយទាហាន៤នាក់ ស្លៀកសំលៀកបំពាក់ស៊ីវិល ត្រូវបានមន្ត្រីប៉ូលីសជាតិហ្វីលីពីន បានបាញ់សម្លាប់នៅតំបន់ភាគខាងត្បូងប្រទេស ក្នុងខេត្តស៊ូលូ (Sulu) ខណៈប្រតិបត្តិការតាមរក ក្រុមកែច្នៃ និងបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ ( Abu Sayyaf) កាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីៗនេះ ។ ប៉ុន្តែពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរហ្វីលីពីនកំពុងតែធ្វើការស៊ើបអង្កេតផងដែរ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។
ជុំវិញហេតុការណ៍នេះ អគ្គមេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ ហ្គីលប៊ឺត ហ្គាផេយ (Gilbert Gapay) បានធ្វើការចោទប្រកាន់ទៅលើមន្ត្រីប៉ូលិសចំនួន ០៩នាក់ថា បានចូលរួមក្នុងករណីបាញ់ប្រហារលើទាហានទាំង ០៤នាក់ខាងលើ ខណៈមេប៉ូលីសហ្វីលីពីនជាតិវិញបានបកស្រាយថា «ជារឿងចៃដន្យ»។
ដោយឡែករដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានលើកឡើងថា ការបាញ់ប្រហារនេះ គឺជាឧប្បត្តិហេតុដ៏អកុសលមួយ ព្រោះទាហានទាំងនោះបានស្លាប់ នៅពេលកំពុងបំពេញការងាររបស់ពួកគេ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងមិនចង់ឲ្យបញ្ហានេះកើនឡើងទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕ដោយ៖ស តារា