ខេត្តកំពង់ស្ពឺ៖ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះបានតាមប្រមាញ់មុខសញ្ញាប្លន់ប្រដាប់អាវុធនៅផ្សារតាឡាត់ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី ។
លោកសោម ប៉ូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ប្រភពព័ត៌មាននគរវត្តឲ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវ និងតាមដាននាពេលកន្លងមក កម្លាំងចម្រុះបានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន គឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ ។
ប្រភពបន្តថា បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យម្នាក់នេះរួចមក កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ចាប់ខ្លួនមុខសញ្ញាម្នាក់ទៀតដែលរត់គេចខ្លួនទៅជ្រកពួននៅក្នុងទឹកដីខេត្តកំពត ឈ្មោះ ប៉ាត់ សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ហើយនាំខ្លួនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ជនសង្ស័យទាំងពីរនាក់នេះជាមុខសញ្ញាចាស់ក្នុងករណីប្លន់ប្រដាប់អាវុធ និងធ្លាប់ពន្ធនាគារក្នុងឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៥ផងដែរ ។
គួររំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីប្លន់ប្រដាប់អាវុធទៅលើអ្នកលក់មាសស្ថិតនៅក្នុងផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្មៀនឃុំម្នាក់បាត់បង់ជីវិត ដោយសារត្រូវរងនូវគ្រាប់កាំភ្លើងរបស់ក្រុមជនសង្ស័យ ។ ករណីប្លន់នេះ ជនរងគ្រោះបានបត់បង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។
កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើសកម្មភាពស្រាវជ្រាវទាំងយប់ ទាំងថ្ងៃ ហើយរហូតមកដល់ពេលនេះបានបំបែកមុខសញ្ញាក្រុមប្លន់ប្រដាប់អាវុធនេះ ហើយអាចឈានដល់ការបិតសំណុំរឿងប្លន់នៅផ្សារតាឡាត់នោះផងដែរ ៕
ដោយ៖ សេនាស័ក្តិ