ខេត្តកំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់មួយកើតឡើងរវាងរថយន្ត និងម៉ូតូ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ចំណុចភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ឡាយ ភឹន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិច្រណោម ឃុំបុសខ្នរ ស្រុកចម្ការលើ ខេត្តកំពង់ចាម អ្នករួមដំណើរឈ្មោះ ទ្រី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិជាមួយគ្នាបានធ្វើដំណើរពីជើងទៅត្បូង លើផ្លូវជាតិលេខ៧១ ហើយមកដល់ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ជាផ្លូវកោងស្រាប់តែ មានរថយន្តម៉ាក កាំម៉ារីព្រូស ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំក្នុងល្បឿនលឿន បុកម៉ូតូជនរងគ្រោះបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែង ហើយ រថយន្តធ្លាក់ផ្លូវទៅត្រាំទទឹកប្រឡាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ត នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ផងដែរ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់។ ចំពោះសព សមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕
ដោយ៖ប្រាថ្នា