សហរដ្ឋអាមេរិក បញ្ជូន​នាវា​ដឹកនាំ​យន្តហោះ​ពីរ​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​

ចែករំលែក៖

អន្តរជាតិ៖ យោងតាមការប្រកាស​របស់​កងទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី​៣ ខែកក្កដា​ថ្មីៗនេះ បានបញ្ជាក់ថា នាវា​ដឹកនាំ​យន្តហោះ USS Nimitz និង USS Ronald Reagan បានធ្វើ​ប្រតិបត្តិការ និង​ចូលរួម​ក្នុង​សមយុទ្ធ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​គាំទ្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​។ ដោយវត្តមាន​នាវា​ដឹកនាំ​យន្តហោះ​អាមេរិកនេះ កើតឡើង​ស្រប​ពេលដែល​យោធា​ចិន ​កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​ប្រទាញប្រទង់​នេះ​ដូចគ្នា​។ ប៉ុន្តែ​កងទ័ពជើងទឹក​អាមេរិក​អះអាងថា សមយុទ្ធ​អាមេរិក មិនមែន​ឆ្លើយតប​នឹង​លំ​ហាត់​យោធា​របស់​ចិន​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ឡើយ​។​

បើតាម​កាសែត​អាមេរិក Wall Street Journal បាននិយាយថា តាមកាបញ្ជាក់ពី ឧ​ត្ត​មនា​វី​ត្រី George M Wikoff មេបញ្ជាការ​ក្រុម​នាវា​ដឹកនាំ​យន្តហោះ USS Ronald Reagan ថា គោលដៅ​នៃ​លំ​ហាត់​យោធា​នេះ គឺ​ផ្ដល់​សញ្ញា​ឲ្យ​សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុង​តំបន់​របស់​អាមេរិក​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ការពារ​ស្ថិរភាព និង​សន្តិសុខ​តំបន់ ​។​​ ប៉ុន្តែ​កងទ័ពជើងទឹក​អាមេរិក មិនបាន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​ដែល​នាវា​ដឹក​យន្តហោះ​ទាំងពីរ​នេះ ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។

មេបញ្ជាការ​ដដែល​នេះ បន្តថា សហរដ្ឋអាមេរិក បាន​បញ្ជូន​នាវា​ដឹកនាំ​យន្តហោះ​ពីរ​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ធ្វើ​លំ​ហាត់​យោធា និង​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​។ ដោយប្រតិបត្តិការ​របស់​ទ័ព​ជើង​ង​អាមេរិក មិនមែនជា​ការឆ្លើយតប​អ្វី​ទៅនឹង​សមយុទ្ធ​យោធា​របស់​កងទ័ព​ចិន​ ដែល​កំពុង​ធ្វើ​នៅ​តំបន់​នេះដែរ​។ ជាក់ស្តែងកងទ័ពជើងទឹក​ចិន ក៏​កំពុង​ធ្វើ​សមយុទ្ធ​រយៈពេល​៥​ថ្ងៃ​របស់ខ្លួន​ដែរ​នៅក្បែរ​ដែន​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែកក្កដា​កន្លងទៅ​។

​គួរបញ្ជាក់ថា ហ្វីលីពីន និង​វៀតណាម​ដែល​ទាមទារ​កម្មសិទ្ធិ​លើ​កោះ​នេះ បាន​ថ្កោលទោស​ចិន​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​នេះ ដោយ​ចាត់ទុកជា​ការបំពាន​អធិបតេយ្យ​។ ចំណែកទីក្រុង​ហាណូយ និង​ម៉ានីល​ ក៏​ព្រមាន​ដែរ​ថា៖ សកម្មភាព​របស់​ចិន​ នឹង​បង្កើន​កម្ដៅ​ភាព​តានតឹង​ក្នុង​តំបន់ ហើយក៏​ប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នកជិតខាង​ផងដែរ​ ។

​សូមជម្រាបថា វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង វាមិនមែនជា​រឿង​ថ្មី​នោះឡើយ ​។ ព្រោះកន្លងទៅ អាមេរិក​តែង​បញ្ជូន​នាវា​របស់ខ្លួន​មិន​នាវា​ដឹក​យន្តហោះ ឬ​នាវាចម្បាំង​ឡើយ​ទៅកាន់​តំបន់​សមុទ្រ​ដ៏​មមាញឹក​តែ​ពោរពេញ​ដោយ​ភាព​តានតឹង​មួយ​នេះ​។ពេលខ្លះ នាវា​ដឹកនាំ​យន្តហោះ​អាមេរិក​ដល់​ទៅ​បី​គ្រឿង​ឯណោះ​ បើក​កាត់​ដែនទឹក​មួយ​នេះ ទោះជា​រង​ប្រតិកម្ម​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង​ក៏ដោយ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print