ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះដែលស្លាប់ឈ្មោះផា វិបុល ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅខណ្ឌកំបូល។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃេីញម៉ូតូម៉ាកXR ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ1BR 8628 ធ្វេីដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៍ ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1A3062 ជិះគ្នា២នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូXR ស្លាប់នៅកន្លែងកើតហេតុនិងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានីធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ