ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារអាជ្ញាធរខណ្ឌឬស្សីកែវ ចុះរុះរើផ្ទះ សម្បែង ដែលគាត់កំពុងស្នាក់អាស្រ័យ សំដែងការមិនសុខចិត្ត និង សំណូមពរឲ្យអាជ្ញាធរបង្ហាញប្លង់ និងគំរោងអភិវឌ្ឍន៍មុននិងធ្វើការរុះរើផ្ទះរបស់ពួកគាត់ ។
ការសំណូមពរនេះស្របពេលដែលឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងក្រុមការងារជំនាញ ចុះត្រួតពិនិត្យសំណង់ការដ្ឋាន ស្ថាបនា ស្ថានីយ៍បូមទឹកទួលគោកទី២និងបន្តដំណើរពិនិត្យប្រព័ន្ធប្រឡាយលូបាក់ទូក កាលពីរសៀលថ្ងៃទី ២៦ ខែមករានេះ។
ប្រជាពលរដ្ឋដែលអាជ្ញាធរខណ្ឌឬស្សីកែវបានយកគ្រឿងចក្រឈូសឆាយទីលំនៅរបស់ពួកគាត់បានលើកឡើងថា៖ គាត់រីករាយត្រេកអរចំពោះគំរោងអភិវឌ្ឍ តែគាត់បានសំណូមពរឲ្យអាជ្ញាធរធ្វើការបង្ហាញពីប្លង់នៃគំរោងអភិវឌ្ឍន៍ជាច្រើនលើក ច្រើនសារតែអាជ្ញាធរមិនបានបង្ហាញ ប្រជាពលរដ្ឋដដែលបានបន្ថែមថាចង់ឲ្យមានតម្លាភាពនិងអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនិងសំណូមពរឲ្យសម្តេចតេជោជួយដោះស្រាយបញ្ហាដើម្បីរកយុត្តិធម៌ឲ្យពួកគាត់ផង ។
ឆ្លើយតបនិងបញ្ហាខាងលើឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានប្រាប់អឲ្យដឹងថា៖ ការអភិវឌ្ឍ ប្រឡាយលូនេះប្រសិនណាមានផលប៉ះពាល់ដល់ដីរបស់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរ និងធ្វើការដោះស្រាយសំណងជូនត្រឡប់ តែបើការវាស់វែងទៅជាដីរបស់រដ្ឋសូមឲ្យបងប្អូនប្រជាពលរដ្ឋប្រគល់ដីទាំងនោះឲ្យរដ្ឋវិញដើម្បីធ្វើការអភិវឌ្ឍ។
ទោះបីយ៉ាងណាឯកឧត្ដម ប៉ា សុជាតិវង្ស បានសម្រេចបង្កើតឲ្យមានជំនួបប្រជុំមួយ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់យកនៅរាល់ឯកសារផ្លូវច្បាប់ដើម្បីបង្ហាញអាជ្ញាធរចុះធ្វើការវាស់វែងជាក់ស្តែង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានី បានប្រាប់ឲ្យដឹងពីបញ្ហាពាក់ព័ន្ធនិងបច្ចេកទេស និងមូលហេតុនៃការស្តារប្រឡាយនេះឡើងវិញយ៉ាងដូច្នេះថា៖ ប្រឡាយបាក់ទូកមានប្រវែង២៧០០ម៉ែត្រស្ថិតនៅខាងជើងរាជធានីភ្នំពេញ និងត្រូវស្ថាបនាជាប្រឡាយបេតុងដែលមានផ្លូវបេតុងអាមេអមសងខាងប្រវែងពី៥ ,៥០ម៉ែត្រទៅដល់៧ម៉ែត្រ ដោយគ្រោងចំណាយពេលវេលារយៈ២ឆ្នាំឲ្យរួចរាល់ ផងដែរ៕
...
ដោយ៖ សំរិត