ខេត្តសៀមរាប៖ កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារឡើងវិញនេះគឺស្ថិតក្រោមការឧបតម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃដែលជាគម្រោងរេដបូកសាកល្បង អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។ សកម្មភាពដាំស្តារព្រៃឈើនេះមានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុងឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោក ព្រឹន សាវិន ប្រធានរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយ បញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍សសរស្តម្ភ សហគមន៍មុខបែន បានដាំកូនឈើនេះ ក្រោមការឧបតម្ភគម្រោងរេដបូកនៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស បានផ្តូចផ្តើមដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកនេះនៅលើផ្ទៃដី ៤០ ហិចតា ស្មើរនិង៤ម៉ឺនដើម មានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។
លោកបានបញ្ជាក់បន្តថា ការដាំស្តារឡើងវិញនេះ គឺនៅលើផ្ទៃដីដែលទទួលរង គ្រោះដោយសារភ្លើងឆេះនារដូវប្រាំង៣ឆ្នាំកន្លងមកដែលទទួលរងនូវភាពរាំងស្ងួត នារដូវប្រាំងកន្លងមក និងយើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិ យើងឡើងវិញ ដើម្បីជំរក ពងកូនដល់មច្ចាជាតិយើងនៅរដូវទឹកឡើង ។
លោក ថាន់ ហឹក អភិបាលរងស្រុកពួក ខេត្តសៀមរាប បានអោងដឹងថា រដ្ខបាលស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមនៅក្នុងការដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកស្ថិតនៅក្នុងមូលដ្ឋាន នៃភាគខាងជើងបឹងទន្លេសាបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនិងគម្រោងនេះ ដែលនិងជួយអោយមានការការពារ និងអភិរក្សព្រៃនៅក្នុងតំបន់ព្រៃលិចទឹកនេះ និងរក្សាបានជាកេរ្តន៍តំណែលដល់កូនចៅជំនាន់ក្រោយៗទៀត ។
បើតាមការបញ្ជាក់ពី លោក ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោង រ៉េដបូក នៃក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា គម្រោងនៃការដាំស្តារព្រៃលិចទឹកឡើងវិញនេះ ស្ថិតនៅក្រោមការគាំទ្ររបស់គម្រោងRedd+ ប្រទេសកម្ពុជា ។ គម្រោងនេះគឺជាគម្រោងមួយដែលបានកំពុងតែអនុវត្តន៍ និងការកាត់បន្ថយនូវការបាត់បង់នូវការរិចរឹលនៃព្រៃឈើ ទៅលើព្រៃឈើ ហើយជាការចាំបាច់ គម្រោងពិនិត្យទៅលើតំបន់ណាដែលមានសភាពរិចរឹល ឬក៏ បាត់បង់។ លោកលើកឡើងបន្តថា នៅក្នុងតំបន់នេះគឺជាតំបន់ ព្រៃលិចទឹក ហើយប្រជាសហគមន៍មូលដ្ឋាន ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំស្រុក គាត់បានយល់ដឹងច្រើនអំពីប្រយោជន៍ រួមនៅការថែរក្សាការពារព្រៃលិចទឹកនេះ ដែលធ្វើអោយគាត់មានបំណងនិងស្តែងចេញនូវផែនការសកម្មភាពក្នុងការស្តារសកម្មភាពឡើងវិញនូវសកម្មភាពនៃការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះសំរាប់ជាប្រយោជនរួមទៅអនាគត ។
លោក បានមានប្រសាសន៍បញ្ជាក់បន្តថា ព្រៃលិចទឹកគឺជាកន្លែងមួយដែលជាតំបន់អភិរក្សរបស់ តំបន់ទំនាបបឹងទន្លេសាប ហើយកន្លែងអភិរក្សនេះ គឺគេអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោកហើយអ្នកដែលទទួលបានផលប្រយោជន៍នេះ គឺសហគមន៍ប្រជាមដ្ឋានតែម្តង ។ លោក បានលើកឡើងបន្តថា មច្ឆាជាតិទាំងអស់ដែលរស់នៅបានគឺពឹងផ្អែកទៅលើព្រៃលិចទឹកនេះ ដែលបានបន្សល់សត្វច្រើន ហើយអ្វីដែលបានមានសល់រហូតមកដល់សព្វថ្ងៃនេះ គឺបានដោយសារព្រៃលិចទឹកនេះ៕
ដោយ៖ សិលា