អង្គការសហប្រជាជាតិ៖ អ្នកឯកទេសស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ខែកក្កដាបានប្រកាសថា ៖ ការវាយប្រហារសម្លាប់ ឧត្តមសេនីយ៍ Soleimani និងអង្គរក្ស៩នាក់នៅប្រទេសអុីរ៉ាក់ គឺជារឿង ខុសច្បាប់ ទាំងស្រុង។
អាមេរិកមិនអាចបង្ហាញភស្តុតាង ដែលទទួលយកបានពាក់ព័ន្ធការសម្លាប់មេទ័ពអុីរ៉ង់។ លោកស្រី Agnes Callamard អ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា «ពិភពលោកកំពុងតែស្ថិតនៅក្នុងដំណាក់កាលសំខាន់ ជាពេលវេលាដែលយន្តហោះគ្មានមនុស្សបើក ត្រូវបានប្រើប្រាស់ ជាទ្រង់ទ្រាយធំ។ អង្គការសហប្រជាជាតិខ្វះ សកម្មភាព សហគមន៍អន្តរជាតិ នៅស្ងៀម »។
តាមសារព័ត៌មានរ៉យទ័រ លោកស្រីAgnes Callamard នឹងត្រូវផ្តល់របាយការណ៍ស្រាវជ្រាវនៅថ្ងៃទី ៩ខែកក្កដា ដល់គណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដើម្បីឲ្យសមាជិកអង្គការ សិទ្ធិមនុស្ស ជជែកគ្នា មុនពេលថ្កោលទោសអាមេរិក។
សូមបញ្ជាក់ថា អាមេរិកបានចាកចេញពីអង្គការសិទ្ធិមនុស្សអន្តរជាតិតាំងពី២ឆ្នាំមុន មកម៉្លេះ ទាំងនោះហើយអាមេរិក មិនខ្វល់ពីសកម្មភាពរបស់គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះឡើយ៕
ដោយ៖ ធី រីណា