ភ្នំពេញ៖ ក្រោយការចេញមុខសុំទោសរបស់អ្នកគ្រប់គ្រងផលិតកម្ម និងអ្នកនិពន្ធជុំវិញការផលិតបទចម្រៀង និងសាច់រឿង”អ្នកព្រៃវែងខុសត្រង់ណា?” ដែលនាំឲ្យមានប្រតិកម្មជាច្រើនពីមហាជននោះ តារាសម្តែង ហេង ស្រីពេជ្រ ដែលជាតួអង្គម្តាយដែលបានពោលពាក្យមិនសមរម្យនេះបានចេញមុខសុំទោសជាថ្មីបន្ថែមទៀត។
បទចម្រៀង និងសាច់រឿង”អ្នកព្រៃវែងខុសត្រង់ណា?” បានក្លាយជាប្រធានបទក្នុងការវែកសម្រាប់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។ បើទោះបីជាស្ថិតក្នុងភាពចម្រូងចម្រាស និងលើកឡើងពីការខ្វែងគំនិតគ្នាក្តីក៏ផលិតករ និងអ្នកគ្រង់គ្រងផលិតកម្មបានចូលខ្លួនទៅបំភ្លឺនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងបានបញ្ចេញសារសុំទោសជាសាធារណៈផងដែរ។តារាសម្តែងក្នុងបទចម្រៀងមួយនេះគឺអ្នកនាងហេង ស្រីពេជ្រ ដែលជាតួអង្គម្តាយ និងជាអ្នកដែលបានពោលពាក្យមាក់ងាយនៅក្នុងរឿងនេះផ្ទាល់បានសម្តែងការសោកស្តាយដែលពាក្យសម្តីក្នុងការសម្តែងនាំឲ្យមានការប្រតិកម្មខ្លាំង។ អ្នកនាងបញ្ជាក់ថា ក្រោយផ្ទុះរឿងនេះនាងលំបាកចិត្តជាខ្លាំងស្ទើតែបាក់ទឹកចិត្តក្នុងការចេញសម្តែងជាថ្មី។ នាងថាការសម្តែងនាងត្រូវស្តាប់ការណែនាំរបស់អ្នកដឹកនាំ ហើយត្រូវសម្តែងឲ្យដល់កម្រិតមួយដែលជាប្រភេទតួដែលនាងសម្តែងផងដែរ។ ជាមួយគ្នានេះផងដែរនាងបានថ្លែងសារសុំទោសដល់មហាជន ក៏ដូចជាអ្នកព្រៃវែងទាំងមូល ដែលការសុំទោសនេះគឺជាចេញពីចិត្ត និងសង្ឃឹមថាប្រជាជនខ្មែរពិសេសអ្នកព្រៃវែងទទួលយកការសុំទោសពីនាងផងដែរ។
គួរបញ្ជាក់ផងដែរថា ស្នាដៃMVបទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាន ធ្វើឲ្យលេចចេញភាពចម្រូងចម្រាស រហូតមានការប្រតិកម្មពីសំណាក់មន្ត្រីរដ្ឋបាលខេត្តព្រៃវែង។រសៀលថ្ងៃទី០៦ ខែកក្កដានេះផលិតករបទចម្រៀងនេះនឹងចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការសុំទោសជាសាធារណៈផងដែរ៕
ដោយ វឌ្ឍនា