សហរដ្ឋអាមេរិក៖ ប្រកាសថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​និស្សិត​បរទេស​បន្ត​រស់​នៅ និង​សិក្សា​ក្នុង​ប្រទេសខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ​ក្នុង​សេចក្តីថ្លែងការណ៍ ទីភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​អន្តោប្រវេសន៍​និង​គយ (ICE) របស់​អាមេរិក នៅ​ថ្ងៃទី​៦ ខែកក្កដា បានបញ្ជាក់ថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​ប្រព័ន្ធ​អន​ឡាញ ត្រូវ​ចាក​ចេញពី​ប្រទេសខ្លួន ឬ​អនុវត្ត​វិធានការ​ដទៃទៀត ដូចជា៖ការផ្ទេរ​ទៅកាន់​សាលារៀន​ដែលមាន​គ្រូ​បង្គោល​ណែនាំ​ដោយផ្ទាល់ ជាដើម​។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​និស្សិត​បរទេស​បន្ត​រស់​នៅ និង​សិក្សា​ក្នុង​ប្រទេសទៀតឡើយ ប្រសិនបើ​ថ្នាក់​ពួកគេ​ទាំងអស់​ត្រូវ​ប្ដូរ​ទៅ​រៀន​តាម​អន​ឡាញ​នៅ​ឆមាស​ក្រោយ ដោយសារ​វិបត្តិ COVID-19 ។​

​តាមទីភ្នាក់ងារ​សហព័ទ្ធ​អាមេរិក​នេះ បានសង្កត់ធ្ងន់​ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ ប្រសិន​មិន​ធ្វើ​ដូច្នេះ​ទេ ពួកគេ​អាច​ប្រឈមមុខ​ពិន័យ​ផ្នែក​អន្តោប្រវេសន៍ រួមមាន ការផ្ដួចផ្ដើម​នីតិវិធី​ដក​ឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​អន្តោប្រវេសន៍​អាមេរិក​។

​ទីភ្នាក់ងារ ICE អាមេរិក​នេះ បាន​អះអាង​ទៀតថា ក្រសួងការបរទេស​អា​មេ​រិ​ក នឹងមិន​ចេញ​ទិដ្ឋាការ​ដល់​សិស្ស​ចុះឈ្មោះ​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងស្រុង សម្រាប់​ឆមាស​នា​រដូវ​ស្លឹកឈើ​ជ្រុះ (​សប្ដាហ៍​ទី​៣​នៃ​ខែកញ្ញា ដល់​ចុងខែ​ធ្នូ​) ខាងមុខ​។ហើយ​ទីភ្នាក់ងារ​ទទួលបន្ទុក​ការពារ​ព្រំដែន​និង​គយ​អាមេរិក (UBP) ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងនោះ​ចូល​ទឹកដី​អាមេរិក​ផងដែរ​។ ដោយការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​បែប​នេះ នឹង​ប៉ះពាល់​ដល់​សិស្ស​រាប់ពាន់នាក់​ដែល​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​ចូលរួម​កម្មវិធី​ហ្វឹកហាត់ ក៏ដូចជា​ការសិក្សា​ខាង​វិជ្ជាជីវៈ​ជាដើម​។

​គួរបញ្ជាក់ថា  និស្សិត​ម្នាក់ អាយុ​២៦​ឆ្នាំ​ ឈ្មោះ Valeria Mendiola បានប្រាប់​ទូរទស្សន៍​អាមេរិក CNNថា​៖«​វា​កើតមាន​ភាពមិនច្បាស់លាស់​ច្រើនណាស់​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​នឹងធ្វើ​ការសម្រេចចិត្ត​»​។ និស្សិត​នៅ​សាកលវិទ្យាល័យ Harvard រូបនេះ​បន្តទៀតថា​៖«​ប្រសិន​ខ្ញុំ​ត្រូវ​ត្រលប់​ទៅកាន់​ប្រទេស​ម៊ិ​ក​ស៊ិ​ក​វិញ ខ្ញុំ​អាច​ត្រលប់​ទៅវិញ​បាន ក៏ប៉ុន្តែ​និស្សិត​បរទេស​ច្រើន​ទៀត ពុំ​អាចធ្វើ​អ៊ីចឹង​បានឡើយ​»​។

​សូមជម្រាបថា សាកលវិទ្យាល័យ​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក ពុំទាន់​ប្រកាស​ផែនការ​ពួកគេ​សម្រាប់​ឆមាស​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២០​នៅឡើយ​ទេ​។ សាលារៀន​មួយចំនួន កំពុង​ពិចារណា​យក​មធ្យោបាយ​បង្រៀន​លាយ​គ្នា រវាង​អន​ឡាញ និង​ក្នុង​ថ្នាក់ ក៏ប៉ុន្តែ​សាកលវិទ្យាល័យ​ខ្លះ ក្នុងនោះ សាកលវិទ្យាល័យ Harvard បាន​អះអាងថា ថ្នាក់​ពួកគេ​ទាំងអស់ នឹងត្រូវ​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ។​ ត្រង់ចំណុច​នេះហើយ សាកលវិទ្យាល័យ Harvard បញ្ជាក់ថា ៤០​ភាគរយ​នៃ​និស្សិត​ថ្នាក់បរិញ្ញាប័ត្រ​ពួកគេ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅកាន់​បរិវេណ​សាលារៀន​វិញ តែ​ការបង្រៀន នឹងត្រូវ​រៀបចំឡើង​តាម​អន​ឡាញ​។

​ដោយឡែកយោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ (IIE) ក្នុង​ឆ្នាំ​សិក្សា​២០១៨–២០១៩ មាន​និស្សិត​បរទេស​ជាង​១​លាន​នាក់​សិក្សា​ក្នុង​សហរដ្ឋអាមេរិក​។  តួលេខ​នេះ ស្មើនឹង​៥,៥​ភាគរយ​នៃ​សិស្ស​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​សរុប​របស់​សហរដ្ឋអាមេរិក ហើយ​និស្សិត​បរ​ទស​រួមចំណែក ៤៤,៧​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក​កាលពី​ឆ្នាំ​២០១៨​។ សិស្ស​បរទេស​ច្រើន​បំផុត​ដែល​សិក្សា​នៅ​អាមេរិក​គឺ​មកពី ចិនឥណ្ឌា កូរ៉េខាងត្បូង អា​រ៉ា​ប៊ី​សា​អូឌីត និង​កាណាដា​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print