សម្ដេច ស ខេង ៖ មានអ្នកធំ ទៅចាប់យកដីនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ «បញ្ហាដីធ្លីទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំចេញប្លង់គោលពី ឥឡូវនេះទៅដើម្បីបញ្ចៀសបញ្ហា ស្មុគស្មាញ និងការតវ៉ានាពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ និងទិសដៅ ការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបញ្ជាក់ថា៖ «បើមិនមានការកំណត់ប្លង់មេ ឬ ប្លង់គោលឱ្យបាន ច្បាស់ទេនោះ បញ្ហាដីធ្លី នឹងកើតមានឡើង …. ជាឧទាហរណ៍ដោយ ប្រយោលថា មានអ្នកធំកំពុងសម្រុកទៅ ចាប់ដីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូល សេដ្ឋកិច្ចរបស់កម្ពុជាបណ្ដើរៗហើយ ។

សម្តេចថ្លែងបន្តថា ៖« ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោលប្លង់ នៅកន្លែង មួយចំនួន ដែលជាប៉ូលអភិវឌ្ឍន៍អីហ្នឹង បើ យើងមិន គិតពីឥឡូវទៅ ច្របូកច្របល់ អស់ហើយ ហើយទៅមុខមិនងាយកែទេ មិន ងាយកែហ្មង ។ សម្តេចលើកជាឧទាហរណ៍ទៀតថា៖ «ឥឡូវឧទាហរណ៍កំពង់សោម វា ទៅ អ៊ីចឹងហើយ ( បញ្ហាដីធ្លី ) ឥឡូវកែបាន បណ្ដើរៗហើយ ។ ខេត្តមណ្ដលគិរី ឧទាហរណ៍ អ៊ីចឹង ដែលថា ជាប៉ូលសេដ្ឋកិច្ច មួយដែរ ឥឡូវនាំគ្នាទៅចាប់ដីកំពុង មានរឿង មិនទាន់ដោះស្រាយផង ហើយ សុទ្ធតែ ( អ្នកមានអំណាច )ធំៗប៉ុន្តែ ប៉ុនណា ខ្ញុំមិនដឹងទេ ដឹងតែធំៗ »។

សម្ដេច ស ខេង ក៏បានបញ្ជាក់ថា៖ បញ្ហាដីធ្លី នេះ ជះរូបភាពអាក្រក់ណាស់ដល់សង្គម និង រដ្ឋាភិបាល ហើយសម្ដេចក៏រងកម្ម ដោយសារ បញ្ហាដីធ្លីនេះដែរ ។ « ឥឡូវឮថា ទៅប្រជែងគ្នាចាប់ដី ខ្ញុំគឺជាអ្នករងកម្មទេ មែនទែនទៅនោះដោះ ( ស្រាយ ) រឿងដី ហ្នឹង( ខ្ញុំ )រងកម្មចាំដោះឱ្យ » ។ នេះជាការ បញ្ជាក់របស់សម្តេច។

សូមជម្រាបថា៖ កាលពីថ្ងៃទី ៣ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអនុវត្ត អភិក្រម វះកាត់ ចំពោះ បញ្ហាដីធ្លី ផងដែរ ។ ក្នុងន័យនេះ សម្ដេចចង់ សំដៅលើការដោះស្រាយ បញ្ហាដីធ្លី ដោយ ភាពយុត្តិធម៌ និង ត្រឹមត្រូវ ជូន ពលរដ្ឋ ជាពិសេស កម្ចាត់ មន្ត្រី ឬ អ្នកមានអំណាច ដែល រំលោភបំពាន ដីធ្លី ប្រជាពលរដ្ឋ ។

មិនតែប៉ុណ្ណោះ សម្ដេចក៏បានបញ្ជាឱ្យ ក្រសួងចំនួន ៣ កាត់ ឆ្វៀលដី ជូន ប្រជាពលរដ្ឋ ដែលបានមករស់នៅ លើ ទីតាំងដី ដែលជាគម្របព្រៃឈើ ឬ ជាតំបន់ ការពារ និងតំបន់អភិរក្សសត្វព្រៃ របស់រដ្ឋ ដូចជា នៅកោះកុង ព្រះវិហារ ជាដើម ។ រដ្ឋមន្ត្រីក្រសួង ទាំង៣ ដែលត្រូវទទួល ភារកិច្ចនេះ រួមមាន៖ លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន , លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

សម្តេចតេជោ លើកឡើងថា៖ « ព្រោះកន្លងមករដ្ឋមានតែដី ក្នុងផែនទីទេ តាមពិត មានប្រជាពលរដ្ឋ បានកសាងលំនៅដ្ឋាន រស់នៅបង្កើត កូនចៅ រាប់សិប ឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ ។ នេះជាការ ដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ ។ កុំ ទុកប្រជាពលរដ្ឋ ឱ្យភ័យខ្លាច អត់ឃ្លាន រត់ ទៅចំណាកស្រុកគេតទៅទៀត ។ ទន្ទឹមនឹងនេះសូម កុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះ ត្រូវការរក្សាទុកព្រៃ សហគមខ្លះ នៅ ជិតៗដើម្បីជាប្រយោជន៍ សហគមរស់នៅ ផងដែរ » ។
សម្តេចតេជោ ក៏បានព្រមានមន្ត្រី និង អ្នកមានអំណាច ដែល ឆ្លៀតឱកាសទាញ ចំណេញ ពីការបែងចែក និងទទួលដីធ្លីដែរ ថា ពួកគេនឹងមានទោស បើអនុវត្ត មិន ត្រឹមត្រូវ ។ សម្តេចបានសង្កត់ធ្ងន់ថា ៖ « មន្ត្រី អ្នកមានអំណាចល្មម ចេះឆ្អែត និងចេះ គ្រប់គ្រាន់ ហើយឈប់ធ្វើបាប ប្រជាពលរដ្ឋ តទៅទៀត » ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print